ភ្នំពេញៈ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងលឿនដូចហោះខ្វះការប្រុងប្រយ័ត្នទៅបុកគូទពីក្រោយរថយន្តស៊េរីទំនើបឡង់គ្រីស័រមួយគ្រឿងបណ្តាលឲ្យររងរបួសធ្ងន់និងស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ នៅមុខសាលាខណ្ឌឫស្សីកែវ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
រថយន្តរងគ្រោះម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR-9687 អ្នកបើកបរមិនត្រូវបានគេស្គាល់នោះឡើយ។ ចំណែកឯម៉ូតូបង្កម៉ាកស៊ុយសាគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AJ-9940 អ្នកជិះម៉ូតូទាំង២នាក់នោះ ទី១-មានឈ្មោះ រស់ ភេទប្រុស អាយុ២២ឆ្នាំ ធ្វើជាងដែក ស្នាក់នៅភូមិក្តុល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល រងរបួសធ្ងន់ សំរាកព្យាបាលនៅគ្លីនិកឯកជនក្បែរកន្លែងកើតហេតុខាងលើ។ ២-មានឈ្មោះ គង់ រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាងផ្សាដែក ស្នាក់នៅកន្លែងធ្វើការម្តុំស្តុបបូកគោ មានស្រុកកំណើតនៅភូមិពែកដំបង ឃុំសាមគ្គី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល របួសស្រាលជើងខាងស្តាំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះបើកបរតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងរីឯម៉ូតូបង្កជិះគ្នា២នាក់តាមក្រោយរថយន្តរងគ្រោះ។
ប្រភពបន្តបានឲ្យដឹងថា ខណៈដែលជិះមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយទៀតមិនចាំម៉ាក បានបើកវ៉ាខាងឆ្វេងរថយន្តរងគ្រោះហើយម៉ូតូបង្កបម្រុងបើកវ៉ាខាងឆ្វេងចូលចំចន្លោះកណ្តាល តែអកហ្សើធ្វើឲ្យអ្នកបើកម៉ូតូគេចមកខាងស្តាំដៃជ្រុលចង្កូតទៅបុកគូទរថយន្តរងគ្រោះពេញទំហឹងបណ្តាលឲ្យរងការខូចខាតបែកនឹងធ្លាក់កាងក្រោយ រីឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់កំពុងសំរាកព្យាបាលនៅគ្លីនិកឯកជនក្បែរកន្លែងកើតហេតុ។
ក្រោយកើតហេតុភាគីខាងម៉ូតូទាក់ទងទៅសាច់ញាតិឲ្យមកជួបចរចារជាមួយខាងរថយន្តរងគ្រោះដើម្បីដោះស្រាយនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់