ព័ត៌មានជាតិ

ព្រុសបើកវ៉ាហ៊ីយ៉ាន់ដាយ ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ រេចង្កូតទៅបុកបង្គោលភ្លើង រងការខូចខាត

ភ្នំពេញៈ ករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យទ្រេត បង្កោលភ្លើងបំភ្លឺផ្លូវរបស់រដ្ឋរងការខូចខាត។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបើកបរ រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ របស់ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 3B-4073 និងបង្ក ជាជនជាតិចិន បើកបររថយន្តមួយគ្រឿង ម៉ាកព្រុស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S-8193 ហើយអ្នកទាំង២ មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយទេ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង ក្នុងដំណើរទិសដៅស្របគ្នា ពីត្បូងទៅជើង បានបើកយ៉ាងលឿន បម្រុងវ៉ារថយន្តហ៊ីយ៉ាន់ដាយខាងលើ លុះដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកពីខាងក្រោយរថយន្តហ៊ីយ៉ាន់ដាយ បណ្តាលឲ្យបែកកង់ខាងក្រោយ រួចក៏រ៉េចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវ ហើយព្យាយាមបើករត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចខណ្ឌដង្កោស្ទាក់បាន រួចបញ្ជូនខ្លួន ទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាន។

ក្រោយពេលកើតហេតុ កម្លាំងនគរបាល រាជធានីភ្នំពេញ បានយករថយន្ត ទាំង២គ្រឿង មករក្សាទុក នៅឯការិយាល័យចរាចរណ៍ក្រុង ដើម្បីធ្វើការដោះស្រាយបន្ត នៅពេលក្រោយ៕

https://youtu.be/7DEGHlpBiDo

មតិយោបល់