តាកែវៈ មានករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីជនដៃដល់ជាកូននិងឪពុកជាជនរងគ្រោះបានអង្គុយផឹកស្រាជាមួយគ្នារហូតស្រវឹង ទាស់សម្តីគ្នា ធ្វើឲ្យជនដៃដល់ជាកូន ទាញពូថៅកាប់ឪពុកបង្កើតរងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេកាម៉ោង១និង៥០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ករណីហិង្សានេះ បង្កឡើងដោយ ជនសង្ស័យឈ្មោះ ឡេង ប្រុស ភេទប្រុស អាយុ៣២ឆ្នាំ បានធ្វើសកម្មភាពយក ពូថៅ ទៅកាប់លើឪពុក បង្កើតរបស់ខ្លួនឈ្មោះ ឡេង ជឿន អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខណៈពេលកំពុងតែផឹកស្រាជាមួយគ្នា ត្រូវចំគល់ស្មាខាងស្តាំ ចំនួន ១ពូថៅ រងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកអធិការដ្ឋានគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់