Post News Media ព័ត៌មានជាតិ គ្រោះថ្នាក់ចរ...

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ របួសធ្ងន់ស្រាល២នាក់

ស្វាយរៀង: លោកអធិការរងក្រុងស្វាយរៀង ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ និងស្រាល ចំនួន២នាក់។

ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវលេខ ២០៨ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហ៊ សំណាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ និសិត្ស បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1D 03-68 ស្នាក់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងអ្នករួមដំណើឈ្មោះ សុន កក្កដា ភេទ ស្រី អាយុ ២២ ឆ្នាំ មុខរបរ និសិត្ស ស្នាក់នៅភូមិ ព្របាក់ករ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយរថយន្ដបង្កម៉ាក បាឡែន ពណ៌ទឹកប្រាក់ មិនស្គាល់ស្លាកលេខ និងអ្នកបើកបរ មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់លាស់ទេ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្ត បើកបរស្របទិសគ្នា ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ រថយន្តបង្កបានបុកម៉ូតូ ពេញមួយទំហឹង បណ្តាលឲ្យរបួសធ្ងន់ ស្រាលចំនួន២នាក់ និងម៉ូតូរងការខូចខាត ដោយសាររថយន្តបើកបរមិនប្រកាន់ស្តាំ ហើយភាគីខាងម៉ូតូ មិនបានពាក់មួកសុវត្តិភាព រួចក៏បញ្ជូនជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានយកវត្ថុតាងទាំង២គ្រឿង មករក្សាទុកនៅឯអធិការដ្ឋានក្រុងស្វាយរៀង។
រីឯភាគីខាងរថយន្ត បានរត់គេចខ្លូនបាត់ ពីកន្លែងកើតហេតុ៕