ព័ត៌មានជាតិ

ពលការិនីខ្មែរចំនួន៣នាក់ បានវិលត្រឡប់មកស្រុកកំណើតវិញទាំងចិត្តត្រេកអរ

ភ្នំពេញៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន៣នាក់ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ៖

ឯកអគ្គរាជទូតកម្ពុជាបានឲ្យដឹងថា ពលការិនីខ្មែរទាំង៣នាក់នោះរូមមាន៖
ទី១-ពលការិនី មាស ខួច (កើតឆ្នាំ១៩៩១) មកពីខេត្តកំពង់ធំ បានចាញ់បោកមេខ្យល់ចូលប្រទេស ម៉ាឡេស៊ី កាលពីខែមេសា ឆ្នាំ២០១៦ ហើយធ្វើការជាអ្នកបោសសម្អាត។ ដោយទ្រាំទ្រនឹងការងារលំបាកពុំបាននាងបានស្នើសុំស្ថានទូតជួយឲ្យនាងអាចត្រឡប់មកកម្ពុជាវិញ។ ស្ថានទូ បានធ្វើលិខិតបើកផ្លូវ ហើយនាងចេញថ្លៃសំបុត្រយន្តហោះ និងបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ីដោយខ្លួនឯង។

ទី២-ពលការិនី ហេង ធារី (កើតនៅឆ្នាំ១៩៩៥) មកពីខេត្តកំពង់ចាម បានចូលប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយធ្វើការងារនៅផ្ទះរបស់ស្រ្តីខ្មែរឈ្មោះ ចាន់ ស្រីនាង។ ដោយរងការវាយធ្វើបាបពីម្ចាស់ផ្ទះពលការិនី ហេង ធារី បានស្វែងរកជំនួយពីស្ថានទូត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ស្រ្តីឈ្មោះ ចាន់ ស្រីនាង បានយល់ព្រមផ្តល់ប្រាក់ខែដែលនៅសល់បូក រួមនឹងប្រាក់សងជំងឺចិត្តសរុប១០០០ដុល្លារអាមេរិក និងទិញសំបុត្រយន្តហោះសម្រាប់ពលការិនីរងគ្រោះ ព្រមទាំងបង់ថ្លៃពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ីផងដែរ។

ទី៣-ពលការិនី បាវ សុខអេង (កើតឆ្នាំ១៩៨៩) មកពីខេត្តកំពង់ចាម បានធ្វើដំណើរចូលប្រទេស ម៉ាឡេស៊ីដោយខ្លួនឯង កាលពីខែឧសភា ឆ្នាំ២០១៤ ដោយធ្វើការងារតាមផ្ទះ។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នាងបានស្នើស្ថានទូត ជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានធ្វើលិខិតបើកផ្លូវ ហើយនាងបានទិញសំបុត្រយន្តហោះ និងបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ីដោយខ្លួនឯង។

ពលការិនីទាំង៣រូប នឹងមកដល់ព្រលានយន្តហោះខេត្តសៀមរាប នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង០៧និង៥០នាទីព្រឹក តាមជើងយន្តហោះលេខ AK542 ។

អំឡុងពេលរង់ចាំការត្រឡប់មកវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារទទួលទាន ដល់ពលការិនីទាំង៣រូបផងដែរ៕

Ministry of Foreign

មតិយោបល់