ព័ត៌មានជាតិ

ពលរដ្ឋជាង២០០គ្រួសារផ្ទុះការតវ៉ាទាមទារសុំឲ្យអាជ្ញាធរខេត្តកំពង់ធំ ជួយដោះស្រាយតម្លៃភ្លើង ៨០០រៀល តាមការសន្យា

កំពង់ធំ: នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ៧ភូមិ ក្នុងឃុំកំពង់ចិនត្បូង ជាង២០០នាក់ បានលើកគ្នាមកតវ៉ានៅក្នុងបរិវេណ ឃុំកំពង់ចិនត្បូង ដើម្បីទាមទារសុំឲ្យមានការដោះស្រាយតម្លៃភ្លើង នៅត្រឹម៨០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង តាមការសន្យា របស់អាជ្ញាធរខេត្តកំពង់ធំ ដែលធ្លាប់បានសន្យាកន្លងមក។

លោក ជុំ យ៉េន ជំទប់ទី១ ឃុំកំពង់ចិនត្បូង រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាអះអាងថា តម្លៃភ្លើងនៅក្នុងខេត្តកំពង់ធំ និងតាមបណ្តាស្រុក ត្រូវបានបញ្ជុះតម្លៃ នៅត្រឹម៨០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងអស់ហើយ តែដោយឡែកនៅក្នុងទីរួមស្រុកស្ទោង តម្លៃភ្លើងនៅតែ១៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងដដែល ទើបបានជាពួកគាត់ បានលើកគ្នាមកធ្វើការតវ៉ាឲ្យអាជ្ញាធរអគ្គីសនី និងអាជ្ញាធរខេត្តកំពង់ធំ បញ្ជុះតម្លៃត្រឹម៨០០រៀល ដូចដែលបានមកប្រជុំផ្សព្វផ្សាយរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ថាតម្លៃភ្លើងនិងចុះនៅត្រឹម៨០០រៀលក្នុងខែមិថុនា ឆ្នាំ ២០១៦នេះ។

លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំទទួលបន្ទុកអគ្គីសនី បានបញ្ជាក់ប្រាប់ថា ករណីតម្លៃអគ្គីសនី ដែលមិនទាន់បានចុ:តម្លៃមកក្រោម១០០០រៀលក្នុង១គីឡូវ៉ាត់ម៉ោងនេះមិនមែនមានតែស្រុកស្ទោងមួយទេ នៅកន្លែងជាច្រើនទៀតដែលមិនទាន់ចុះ ប៉ុន្តែការចុះតម្លៃ គឺខាងអាជ្ញាធរអគ្គិសនីជាអ្នកកំណត់ ដោយគណនាទៅតាមខ្សែបណ្តាញបញ្ជូនជិតឆ្ងាយ និងរយ:ពេលនៃការបញ្ចុះតាមផែនការជាបន្តបន្ទាប់។ ករណីស្រុកស្ទោងនេះ ខេត្តធ្លាប់បានអន្តរាគមន៍ជួយប្រជាពលរដ្ឋបានច្រើនដងមកហើយ គឺតាំងពីភ្លើងតម្លៃជាង៣០០០រៀល ចុះមកជាង២០០០រៀល និងចុងក្រោយចុះរហូតពី២៨០០រៀលមកនៅត្រឹម១៥០០រៀលបច្ចុប្បន្ននេះ ទើបតែបានរយ:ពេលប្រហែលមួយឆ្នាំនេះឯង ក្នុងពេលដែលក្រុងស្ទឹងសែន និងឃុំមួយចំនួននៃស្រុកសន្ទុក ស្រុកបារាយណ៍បានចុះតម្លៃមុន ស្រុកស្ទោង។

គោលការណ៍របស់រដ្ឋាភិបាលដែលឲ្យភ្លើងចុះតម្លៃក្រោម១០០០រៀលនេះ គឺអនុវត្តន៍ទៅតាមតំបន់ តាមខ្សែបញ្ជូនជិតឆ្ងាយពីប្រភពដើមមិនបានឲ្យជាទូទៅនោះទេ ការវិនិយោគរបស់ក្រុមហ៊ុន គេមានផែនការរំលោះទុន តាមសមាមាត្រនៃអ្នកប្រើប្រាស់ និងវត្ថុដើម ស្រុកស្ទោងនៅឆ្ងាយ គឺចុងខ្សែបង្អស់ (មិននិយាយឃុំប្រឡាយ ដែលគេទិញពីខាងសៀមរាបភ្លើងថៃ) ដែលការងារនេះខាងអាជ្ញាធរអគ្គិសនី និងខាង EDC អ្នករៀបចំចាត់ចែង ឯខាងខេត្ត ស្រុក និងក្រុមហ៊ុនឯកជនតាមស្រុក មិនមានសិទ្ធអ្វីទាំងអស់ ក្រុមហ៊ុនតាមស្រុក ក៏ខាងអាជ្ញាធរអគ្គិសនីកំណត់ឲ្យលក់ដែរ មិនអាចលក់តាមចិត្តចង់បានទេ ក្រោយពីមានបញ្ហានៅស្ទោង ខ្ញុំបានទៅប្រជុំ ហើយបានលើកឡើងថា ប្រហែលអាចខែ៦ ឆ្នាំ២០១៦ ព្រោះលោកអភិបាលខេត្តបានសំណូមពរទៅអាជ្ញាធរអគ្គិនីរួចហើយ បើទោ:បីយឺតយូរយ៉ាងនេះក្តី ក៏ខេត្តមិននៅស្ងៀមទេ នៅតែខិតខំជួយអន្តរាគមន៍ទៅថ្នាក់លើបន្តទៀត ដើម្បីដោះស្រាយជូនបងប្អូនយើងឲ្យបានសមស្រប ។

ក្នុងនោះដែរលោក លឹម សារី និងលោក យាន ផល្លា និងប្រជាពលរដ្ឋបានសំណូមពរ ឲ្យអាជ្ញាធរខេត្តកំពង់ធំ ជួយដោះស្រាយជាមួយលោក អ៊ុង ហុងស៊ិន ម្ចាស់ម៉ៅការអគ្គិសនីក្នុងស្រុកស្ទោង ពាក់ព័ន្ឋនឹងបញ្ហាគីឡូភ្លើងឡើងគីឡូជាងមុន ទោះជាភ្លើងចុះថោកក្តី ក៏តម្លៃបង់ថ្លៃអគ្គិសនី បានកើនឡើងជាងមុន នឹងសុំឲ្យប្រជាពលរដ្ឋមានសិទ្ធិក្នុងការទិញគីឡូភ្លើងដាក់ដោយខ្លួនឯង ហើយសុំឲ្យរក្សានូវបណ្តាញអគ្គិសនីឲ្យបានល្អប្រសើរជាងមុន ដោយសារកន្លងមកភ្លើងមានភាពរអាក់រអួល ដាច់ម្តង១ម៉ោងទៅ ២ម៉ោង ហើយក្នុងមួយថ្ងៃដាច់៥ទៅ៨ដង និងសុំឲ្យលោក អ៊ុង ហុងស៊ិន ដែលជាថៅកែភ្លើងមានភាពទទួលខុសត្រូវ ដោយសារតែឧបករណ៍សម្ភារ:មួយចំនួន ត្រូវបានខូចខាតដោយសារដាច់ចរន្តអគ្គិសនី ។

លោក អ៊ុង ហុងស៊ិន អ្នកម៉ៅការអគ្គិសនី ស្រុកស្ទោង បានឲ្យដឹងថា តាមទូរស័ព្ទថា ចំពោះតម្លៃភ្លើងដែលបានគិតយក ពីប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គិសនីនៅក្នុងស្រុកស្ទោង ក្នុងតំលៃ១៥០០រៀលនេះ គឺជាការកំណត់របស់អាជ្ញាធរ អគ្គិសនីទេ គឺមិនមែនលោកជាអ្នកកំណត់នោះទេ តែបើចង់ច្បាស់សុំឲ្យសួរអភិបាលខេត្តកំពង់ធំទៅ។

ប្រជាពលរដ្ឋបានរិះគន់ យ៉ាងចាស់ដៃទៅលើ លោក ពុយ សាពាង មេឃុំកំពង់ចិនត្បូងថា នៅពេលប្រជាពលរដ្ឋមានទុក្ខលំបាក់ ជួបរឿងក្តៅក្រហាយ សុំឲ្យលោកមេឃុំជួយអន្តរាគមន៍ និងជួយផ្តល់មតិយោបលដើម្បីរកដំណោះស្រាយ តែលោកមេឃុំកំពង់ចិនត្បូងបែរជាមិនខ្ចីអើពើ តាមការសំណូមពររបស់ប្រជាពលរដ្ឋ បែរជាបានហាមប្រជាពលរដ្ឋ មិនឲ្យមកជួបជុំគ្នានៅសាលាឃុំនោះទេ ទើបពួកគាត់បានមានការងឿងឆ្ងល់ថា សាលាឃុំជាទីតាំងសាធារណ: និងជាកន្លែងសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ តែបែរជាគេចមិនជួយដោះស្រាយទៅវិញ៕

photo_2016-06-06_12-25-42

photo_2016-06-06_12-25-44

photo_2016-06-06_12-25-47

photo_2016-06-06_12-25-49

photo_2016-06-06_12-25-53

photo_2016-06-06_12-25-56

photo_2016-06-06_12-25-58

photo_2016-06-06_12-26-00

មតិយោបល់