ប៉ៃលិនៈ កាលពីវេលាម៉ោង៤និង៣៥នាទីល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលស្រុកសាលាក្រៅ បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិអូរចិតប្រាំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជាលទ្ធផល កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រដ្ឋា កាណា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិផ្ទះ ស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដកហូតវត្ថុតាងម្សៅពណ៌ក្រាមសថ្លា (ICE) ដែលសង្ស័យមានសារជាតិញៀនចំនួន៨ កញ្ចប់តូច និងម៉ូតូចំនួន ៣គ្រឿង។
បន្ទាប់មកសមត្ថកិច្ចជំនាញបានបន្តទៅឆែកឆេរផ្ទះជនសង្ស័យបន្តទៀតនៅចំណុចភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ថែមទៀត ទី១ ឈ្មោះ ព្រហ្ម រដ្ឋា ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី២ ឈ្មោះ ព្រៀង ច័ន្ទភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិវាលចែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងរកឃើញសម្ភារៈ មួយ ចំនួនដូចជា ដែកកេះសម្រាប់ប្រើប្រាសគ្រឿងញៀនចំនួន ៥ដើម បំពង់ទុយយោសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន៥ដើម ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនកញ្ឆាក្រៀមចំនួន១កញ្ចប់តូច គ្រាប់កាំភ្លើងខ្លីចំនួន៤គ្រាប់ កាំភ្លើងខ្យល់ចំនួន១ដើម ដាវចំនួន២ដើម លោហៈធាតុពណ៌លឿងរួមមាន កងដៃចំនួន៦កង ខ្យែដៃ ចំនួន១ខ្សែ ខ្សែកចំនួន ៤ខ្សែ កងជើងចំនួន១ខ្សែ និងចិញ្ជៀនចំនួន ១វង់ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
មតិយោបល់