ភ្នំពេញៈ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សូត្រ សុផារី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅវេលាម៉ោង៦ និង ៤០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅតាមផ្លូវលេខ១១ ក្នុងបុរីពិភពថ្មីទល់មុខកន្លែងវេលុយវីង សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យមានឈ្មោះ គុណ មករា ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវលេខ១១ ក្នុងបុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ក្នុងនោះដែរកម្លាំងបានធ្វើការដកហូតសម្ភារៈរួមមាន ប្រាក់ដុល្លារ ២,២០០ ដុល្លារអាមេរិក ,ខ្សែលោហៈធាតុ ពណ៌លឿង២ ខ្សែ , ខ្សែកលោហៈទង់ដែង១ ខ្សែ , ចិញ្ជៀនលោហៈធាតុពណ៌លឿង១ វង់ , ក្រវិលលោហៈធាតុពណ៌លឿង ១ គូ , ក្រវិលលោហៈធាតុទង់ដែង ១ ចំហៀង , វីសាកាត ៤សន្លឹក , កាតគ្រីម៉ូតូ២សន្លឹក , នាឡិការ១គ្រឿង , ទូរសព្ទ ៣គ្រឿង ,ម៉ូតូ១គ្រឿងម៉ាកធូដេ ពាក់ស្លាកលេខ ភ្នំពេញ 1FK-1528 និងស៊ីមទូរសព្ទស្មាតចំនួន៣ ។
បញ្ជាក់ថា៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះខាងលើបានលេងឆាត (Facebook) ជាមួយជនសង្ស័យ ហើយជនសង្ស័យបានឆាតប្រាប់ជនរងគ្រោះថាឲ្យដាក់លុយចំនួន ២០០ដុល្លារ មកជនសង្ស័យ ដើម្បីទទួលអីវ៉ាន់ដែលគេផ្ញើមកពីប្រទេសក្រៅ ហើយជនរងគ្រោះបានផ្ញើលុយ ២០០ដុល្លារ ទៅតែមិនឃើញអីវ៉ាន់ដែលផ្ញើនោះទេ ក្រោយមកជនសង្ស័យបានប្រាប់ជនរងគ្រោះថាទាល់តែផ្ញើ ៨០០ដុល្លារ ទៀតទើបទទួលអីវ៉ាន់បាន ដោយមានការសង្ស័យជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ សែនសុខ ដើម្បីឲ្យជួយស្រាវជ្រាវ ក្រោយមកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថសែនសុខបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវហើយឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចខាងលើ នឹងបញ្ជូនជនសង្ស័យមកសាកសួរបន្តនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តទៀត៕

មតិយោបល់