ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទបានសម្រេច

តាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទបានសម្រេច។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅត្រង់បរិវេនមន្ទីរពេទ្យបង្អែកក្រុង ស្ថិតនៅភូមិ៣ សង្កាត់រកាក្នុង ស្រុកដូនកែវ ខេត្តតាកែវ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ឹម ទ្រី ភេទស្រី អាយុ៦០ឆ្នាំ ស្នាក់នៅភូមិធន់មន់ខាងត្បូង សង្កាត់បារាយ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកជនសង្ស័យឈ្មោះ ប៉ិ ហ៊ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ តាសឹង ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានមកសម្រាកនៅឯមន្ទីរពេទ្យ ហើយបានអង្គុយនិយាយទូរសព្ទ នៅលើបង់ថ្មស្ថិតក្នុងបរិវេន របងមន្ទីរពេទ្យពីខាងលិច ក៏ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពឆក់យកទូរសព្ទម៉ាកសាំសុងណូតធូ ពណ៌ស លេខស៊ីម 096 50 95 736 ភ្លាមៗនោះ ម្ចាស់ទូរសព្ទបានស្រែក ឆោឡោឲ្យគេជួយ លុះក៏ត្រូវបានចាប់ខ្លួនភ្លាមៗ ហើយប្រគល់ជូនទៅសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានប្រគល់ទូរសព្ទ ជូនមកឈ្មោះ ប៉ិ ហ៊ វិញនិងកសាងសុំណុំរឿង ដើម្បីធ្វើការដោះស្រាយបន្ត ទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់