Post News Media ព័ត៌មានជាតិ ខ្ចីម៉ូតូឪពុក...

ខ្ចីម៉ូតូឪពុកជិះមិនបាន យកពូថៅកាប់បំផ្លាញខ្ទេច

កណ្តាល: យុវជនម្នាក់ជាកូនអកតញ្ញូបានខ្ចីម៉ូតូឪពុកជិះ ចេះតែយកទៅបង្ហោះ ឪពុកមិនឱ្យខ្លាចបង្ហោះមានគ្រោះថ្នាក់ ខឹងពេកទាញពូថៅកាប់ម៉ូតូខូច៣គ្រឿង រួចគេចខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួនបុរសជាកូនចិត្តខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុច ភូមិឬស្សីស្រុក២ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

នគរបាលស្រុកកៀនស្វាយបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោ្មះ សនច្រូច ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវជាឪពុកជនសង្ស័យឈ្មោះ សន បូរី ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិឃុំជាមួយគ្នា ត្រូវជាកូនបង្កើតជនរងគ្រោះ ( ឃាត់ខ្លួន )។
វត្តុតាងចាប់យក ពូថៅដៃ១ ផ្លែដែកដងឈើមានប្រវែង ០.៣៥ ម៉ែត្រ។ សម្ភារ:ខូចខាតមានម៉ូតូចំនួន៣គ្រឿង៖១-ម៉ូតូម៉ាកគុបជ្រុង បែកកុងទ័រនិងចង្កៀងមុខ។ ២-ម៉ូតូម៉ាកHONDA សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ បែកកុងទ័រនិងបែកក្បាំងមុខ ៣-ម៉ូតូម៉ាកHONDA សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ បែកកុងទ័រ ចង្កៀងមុខក្បាំងមុខនិងស្តុបមុខ។

នគរបាលបានបញ្ជាក់ថា នៅថ្ងៃ-ខែ-ឆ្នាំនិងពេលម៉ោងកើតហេតុខាងលើ ជនសង្ស័យជាកូនបាន ទារយកម៉ូតូទៅជិះលេងទាត់បាល់តែជនរងគ្រោះជាឪពុកមិនឲ្យព្រោះខ្លាចជិះម៉ូតូបង្ហោះមានគ្រោះថ្នាក់ ក្រោយពេលជនរងគ្រោះហាមមិនឲ្យយកម៉ូតូជិះ ជនសង្ស័យជាកូនបានខឹងហើយបានយកពូថៅដៃមកវាយម៉ូតូទាំង ៣គ្រឿងដែលទុកនៅក្រោមផ្ទះបណ្ដាលឲ្យខូចខាតដូចបានរៀបរាប់ខាងលើ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់។

ករណីខាងលើនេះប៉ុស្តិ៍នគរបាលរដ្នបាលឈើទាលបានចុះដល់កន្លែងកើតហេតុនិងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៣និង៣០នាទី ក្នុងថ្ងៃ-ខែ-ឆ្នាំដដែលរួចបញ្ជូនខ្លួនរួមទាំងវត្តុតាងទៅផ្នែកជំនាញធ្វើទៅតាមនីតិវិធី៕