បន្ទាយមានជ័យៈ លោក វរសេនីយ៍ទោ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់Post News ថាមានករណីឃាតកម្មបាញ់សម្លាប់គ្នាមួយបានកើតឡើង បណ្តាលឲ្យយុវជនម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ នៅក្នុងវត្តដូនណូយ។
ការបាញ់សម្លាប់យុវជនខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងបរិវេណវត្តដូនណូយ ភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ឆាយ រស្មី ភេទប្រុស អាយុ២០ឆ្នាំ ។ ក្នុងនោះដែរ មូលហេតុដែលផ្តើុមឲ្យមានការបាញ់សម្លាប់យុវជនខាងលើនេះ គឺបណ្តាលមកពីទំនាស់រឿងសង្សារពេលដែលកំពុងរាំធុងបាសក្នុងវត្តខាងលើ ទើបឈានដល់ការផ្ទុះហិង្សាដោយជនសង្ស័យបានប្រើកាំភ្លើងខ្យល់ បាញ់សម្លាប់ជនរងគ្រោះតែម្តង រួចគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុដើម្បីស្វែងរកតម្រុយ និងកំណត់មុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត ។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់