ភ្នំពេញៈ បុរស៣នាក់កំពុងអង្គុយហូបបាយនៅលើរថយន្តចតស្ងៀមស្រាប់តែរថយន្តមួយគ្រឿងទៀតរេចង្កូតបោះពួយយ៉ាងលឿនទៅបុករថយន្តពីក្រោយបណ្តលឲ្យបុរសម្នាក់ក្នុងចំណោម៣រងរបួសធ្ងន់២នាក់មិនរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចទល់មុខហាងនំបុ័ងសំណាងល្អ ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ស៊ីម សៀង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើករថយន្ត ស្នាក់នៅភូមិព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីលោក ស៊ីម ស្រ៊ាង អាយុ៣៨ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិជាមួយគ្នាជាបងប្រុសបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់២នាក់បងប្អូននិងព្រូឡានម្នាក់ទៀតកំពុងអង្គុយលើរថយន្តម៉ាកនីសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក2293-ភព2 ចតស្ងៀមនៅលើចិញ្ចើមផ្លូវដោយក្បាលរថយន្ត បែរមកទិសខាងជើងស្រាប់ តែខណៈនោះមានរថយន្តមួយគ្រឿងទៀតម៉ាកIZUZU ពណ៌ត្រីអី ពាក់ស្លាកលេខ ខេមរភូមិន្ទ09 2-0392 បោះពួយរេចង្កូតមកបុករថយន្តដែលពួកគាត់កំពុងអង្គុយពីក្រោយពេញទំហឹងបណ្តាលឲ្យប្អូនប្រុសគាត់ធ្លាក់ពីលើរថយន្តដល់ដីរងរបួសហើយគាត់សង្ស័យថាប្អូនគាត់របួសត្រគៀកធ្ងន់ធ្ងរ ព្រោះពេលចាប់លើកគឺប៉ះស្រែកៗព្រមទាំងមានឈាមត្រចៀកផងដែរខណៈពេលលើកដឹកទៅមន្ទីរពេទ្យ។
ចំណែកអ្នកបើករថយន្តបង្កវិញបានឲ្យដឹងថាគាត់ឡើងឈាមបុកមកភឹបមានអាការៈងងឹតមុខ។
ទោះជាយ៉ាងណាក្រោយកើតហេតុអ្នកបើករថយន្តមិនបានចាកចេញពីកន្លែងកើតហេតុទេគឺនៅព្យាយាមដោះស្រាយជាមួយដំណាងភាគីជនរងគ្រោះរហូតចប់ដោយចេញថ្លៃព្យាបាលរបួសចំនួន៦៥០ដើម្បីបញ្ចប់រឿងនៅកន្លែងភាគីទាំងសងក៏ព្រមត្រឹមតំលៃនេះ៕
មតិយោបល់