ស្វាយរៀងៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងម៉ូតូ និងម៉ូតូបណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤៥នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៨ និង១៥៩ ស្ថិតក្នងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាអ្នកបើកបរម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H-6552 ឈ្មោះ ចុត សូនី ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរម្នាក់ឈ្មោះ លី សុជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ បណ្តាលឲ្យរងរបួសស្រាល ទាំង២នាក់ស្នាក់នៅភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង
។ ចំណែកអ្នកបើកបរម៉ូតូ ម៉ាកវ៉េវ ពណ៌ស្លែ ពាក់ស្លាកលេខ 70F2-728 ជិះគ្នា២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ទាំង២នាក់។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូ២គ្រឿង បើកក្នុងទិសដៅបញ្ច្រាសគ្នា ពីលិចទៅកើតលុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានទៅបុកប៉ះគ្នា បណ្តាលឲ្យមនុស្ស៤នាក់រងរបួសនិងស្លាប់តែម្តង។ មូលហេតុ ដោយសារអ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ។ ជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យផាសុភាព២ ក្រុងបាវិត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកវត្ថុតាងទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋានបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបន្ត ទៅតាមនីតិវិធីច្បាប់៕
មតិយោបល់