ព័ត៌មានជាតិ

ម្តាយយំបោកខ្លួន ស្រណោះកូនប្រុសអាយុ៧ឆ្នាំម្នាក់ ទៅលេងទឹកទន្លេមេគង្គ បណ្តាលឲ្យលង់ស្លាប់

ភ្នំពេញៈ ម្តាយទ្រហោយំបោកខ្លួន ពេលអ្នកភូមិ រាវរកឃើញសពកូនប្រុសអាយុ៧ឆ្នាំ ដែលលង់ទឹក រួចស្រង់ឡើងគោក
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១០និង៣៥នាទីព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចច្រាំងទន្លេមេគង្គខាងជើង វត្តគៀនឃ្លាំង ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ក្មេងប្រុសដែលលង់ទឹកស្លាប់នោះឈ្មោះ គង់ តារារិទ្ធ អាយុ៧ឆ្នាំ មានឪពុកឈ្មោះ គង់ រស្មី និងម្តាយឈ្មោះ វឿន គឹមស្រ៊ុន អាយុ ៣១ឆ្នាំ មានលំនៅផ្ទះជួល ក្បែរកន្លែងកើតហេតុខាងលើ ។

តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ មានក្មេងចំនួន២នាក់ បានទៅលេងទឹកទន្លេមេគង្គ កន្លែងដែលចាក់ថ្មពេលនោះ ក្មេងរងគ្រោះក៏បានលង់ទឹកលិចបាត់ ហើយក្មេងប្រុងម្នាក់ទៀត បានរត់ទៅប្រាប់អ្នកភូមិក្បែរគ្នា និងម្តាយនាំគ្នាជួយរាវរកឃើញ តែបានស្លាប់បាត់ទៅហើយ ។

តាមព័ត៌មានបានអោយដឹងទៀតថា បន្ទាប់ពីរកឃើញ អ្នកភូមិ ក៏បាននាំគ្នាជួយសង្គ្រោះ ដោយលើករលាក់ទឹកចេញ ដោយពុំអស់ចិត្តស្រ្តីជាម្តាយ ក៏បានដឹកតាមម៉ូតូកង់៣ បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយត្រូវគ្រូពេទ្យថា ស្លាប់បាត់ទៅហើយក៏បានដឹកត្រឡប់មកបន្ទប់ជួលវិញ ។

តាមក្មេងប្រុស អាយុ១០ម្នាក់ ដែលទៅលេងទឹកជាមួយគ្នា បានអោយដឹងថា នៅវេលាម៉ោងប្រមាណ៩ព្រឹក ខ្លួននិងក្មេងរងគ្រោះ បាននាំគ្នាទៅងូតទឹកទន្លេមេគង្គលេង ដោយខ្លួនចេះហែលទឹក ។ នៅពេលកំពុងលេងទឹក ស្រាប់តែបាត់ឈ្មោះ រិទ្ធមិនដឹងទៅណា ហើយខ្លួនគិតថាលង់ទឹកលិចបាត់ ក៏បានរត់ទៅប្រាប់អ្នកស្ទួចត្រីចំនួន៣នាក់ ដែលនៅក្បែរនោះ តែអ្នកស្ទួចត្រីប្រាប់ថា មិនចេះហែលទឹក ក៏បានរត់ឡើងមកភូមិ ប្រាប់ក្មេងៗ និងប្រាប់ម្តាយក្មេងរងគ្រោះ រួមទាំងអ្នកភូមិនាំគ្នា ចុះមុជទឹកជួយរាវរកឃើញ ។

សាកសពក្មេងរងគ្រោះងខាងលើ ត្រូវបានឪពុកម្តាយយកទៅកាន់ឈាបនដ្ឋានវត្តព្រែកលៀប ដើម្បីបូជាតាមប្រពៃណី ៕

មតិយោបល់