ព័ត៌មានជាតិ

រថយន្តសណ្តោងធុនធំ បុកម៉ូតូពីក្រោយព្យាយាមបើកគេច ត្រូវពលរដ្ឋជិះម៉ូតូដេញចាប់បាន

ភ្នំពេញៈ រថយន្តសណ្តោងធុនធំ បើកលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយម៉ូតូមួយគ្រឿង ដែលជិះស្របទិសគ្នា នៅត្រង់ចំណុចក្បែរស្ថានីយប្រេងឥន្ធនៈតូតាល់ តាមបណ្ដោយផ្លូវណត់ប្រ៊ីត កែងនិងផ្លូវ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។ ហើយរថយន្តសណ្តោងធុនធំ ក៏បានបន្ថែមល្បឿនបើកគេចខ្លួនបន្តដំណើរទៅមុខ តែក៏ត្រូវបានប្រជាពលរដ្ឋជួយជិះម៉ូតូដេញតាម និងស្ទាក់ឃាត់ជាប់នៅត្រង់ចំណុច ក្បែរឃ្លោងទ្វារវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1I-5255 ដោយជិះធ្វើដំណើរតាមបណ្ដោយផ្លូវណត់ប្រ៊ីត ទិសដៅពីត្បូងទៅជើង ។
លុះដល់ចំណុចកើតហេតុ ក៏ស្រាប់មានរថយន្តសណ្តោងធុនធំមួយគ្រឿងម៉ាក FUSO ពណ៌លឿង ពាក់ស្លាកលេខខេមរភូមិន្ទ 023-0185 ដែលបើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនទិសដៅស្របគ្នា តាមពីក្រោយម៉ូតូ រួចក៏បានជ្រុលទៅបុកម៉ូតូចំពីក្រោយ បណ្ដាលឲ្យខ្ទាតអ្នកបើកបរម៉ូតូទៅចិញ្ចើមផ្លូវ ចំណែកឯម៉ូតូបានដួលចូលក្រោមកង់រថយន្ត កិនចំមួយកំណាត់ផ្នែកខាងមុខ រងការខូចខាតយ៉ាងដំណំ ។

រីឯរថយន្តបន្ទាប់ពីបង្កជាគ្រោះថ្នាក់ មិនបានឈប់ចុះមកធ្វើការដោះស្រាយនោះទេ បែរជាបន្ថែមល្បឿនបើករត់គេចខ្លួនចេញ ពីកន្លែងកើតហេតុតែក៏មានប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានជួយជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ចំណុចខាងលើ ទើបអ្នកបើកបររថយន្តបានធ្វើការឈប់រថយន្ត បើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់