ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William A. Heidt ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌កម្ពុជា ជាមួយសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងយុត្តិធម៌ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក William A. Heidt បានសម្ដែងការកោតសរសើរអំពីការរីកចម្រើននៃការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្រ្កាប និងទប់ស្តាត់អំពើជួញដូរមនុស្សនាពេលកន្លងមក ហើយសហរដ្ឋអាមេរិក ក៏នឹងចូលរួមជួយកម្ពុជាផងដែរ ក្នុងការងារនេះ តាមរយៈការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ អំពីវិធីសាស្រ្តនៃការស៊ើបអង្កេត និងការតាក់តែងបទដ្ឋានគតិយុត្តិចាំបាច់មួយចំនួន។ បន្ថែមពីលើនេះ សហរដ្ឋអាមេរិច ក៏នឹងចូលរួមផងដែរ ក្នុងការជួយដល់កម្ពុជា ក្នុងការងាររៀបចំសេចក្តីព្រាងច្បាប់ ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានាឲ្យបាននូវសណ្តាប់ធ្នាប់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប ក្នុងសង្គមប្រជាធិបតេយ្យ ដោយមិនប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ។ តាមរយៈកិច្ចសហការនេះ ប្រតិភូក្រសួងយុត្តិធម៌កម្ពុជា រួមជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ នឹងធ្វើដំណើរទស្សនៈកិច្ចសិក្សានៅសហរដ្ឋអាមេរិកនាខែកក្កដាខាងមុខនេះ ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយសហរដ្ឋអាមេរិក លើបញ្ហានេះ។
ក្រៅពីកិច្ចសហការក្នុងវិស័យយុត្តិធម៌ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានស្នើដល់គ្រប់ភាគីដែលពាក់ព័ន្ធផងដែរ ក្នុងការជួយជំរុញឲ្យមានការឯកភាពពីរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ និងចុះហត្ថលេខាលើកិច្ចព្រមព្រាងទ្វេភាគី ស្តីពីការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីជាយន្តការបន្ថែម ក្នុងការទាក់ទាញអ្នកវិនិយោគអាមេរិកមកកាន់កម្ពុជាបន្ថែមទៀត។
ចំពោះស្ថានភាពនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះ ក៏បានបង្ហាញនូវក្តីបារម្មណ៍ផងដែរ ពីការអនុវត្តច្បាប់ និងដំណើរការនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការមកលើ លោក កឹម សុខា ដែលអាចប៉ះពាល់ដល់ដំណើរការ និងតួនាទីគណបក្សប្រឆាំងក្នុងសង្គមប្រជាធិបតេយ្យ។ លោកក៏បានលើកឡើងផងដែរថា ដោយលោកមិនមែនជាអ្នកច្បាប់ ហើយក៏មិនបានជ្រាបច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយផងដែរពីទិដ្ឋភាពច្បាប់ និងដំណើរការនីតិវិធីរបស់តុលាការកម្ពុជា លោកគ្រាន់តែស្នើឲ្យការអនុវត្តន៍ច្បាប់ និងដំណើរការនីតិវិធីតុលាការចំពោះលោក កឹម សុខា ធ្វើឡើងដោយត្រឹមត្រូវ តាមបទប្បញ្ញត្តិច្បាប់ និងនីតិវិធីជាធរមានរបស់កម្ពុជា។
ជាការឆ្លើយតប លោក អង្គ វង្សវឌ្ឍានា បានស្វាគមន៍នូវការសហការ និងជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌កម្ពុជា ហើយក៏បានចាត់តាំងក្រុមការងារជំនាញរបស់ក្រសួងយុត្តិធម៌ផងដែរ ដើម្បីធ្វើការងារលម្អិតជាមួយខាងស្ថានទូតសហរដ្ឋអាមេរិក លើកិច្ចសហប្រតិបត្តិការនេះ។ ចំពោះករណីលោក កឹម សុខា លោករដ្ឋមន្រ្តីបានពន្យល់ និងបកស្រាយផងដែរ ដល់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អំពីទិដ្ឋភាពច្បាប់ យន្តការនៃការអនុវត្តន៍ច្បាប់ និងដំណើរការនីតិវិធីតុលាការរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ៕
មតិយោបល់