កំពង់ធំៈ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលខូចគុណភាពខេត្តកំពង់ធំ បានប្រជុំសមាជិកក្រុមការងារ ដើម្បីរឹតបន្តឹងការនាំចូលនូវផលិតផលមកពីប្រទេស ជិតខាងដែលមកលក់នៅក្នុងទីផ្សារក្នុងខេត្តកំពង់ធំ និងក្នុងពិធីបុណ្យផ្សេងៗ ដែលបង្ហាញពីការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។
លោក ហួត ដានួន អនុប្រធានការិយាល័យរដ្ឋបាលសាខាគយខេត្តកំពង់ធំ បានថ្លែងថា គ្រប់ទំនិញត្រូវមានការត្រួតពិនិត្យមុនពេលដាក់ចុះមកលក់នៅតាមស្តង់ ក្រោយពីលក់អស់តំណាងក្រុមហ៊ុន ត្រូវមានរបាយការណ៍ជូនសាខាគយ ដើម្បីនាំយកឯកសារទៅបង់ប្រាក់ពន្ឋនៅច្រកទ្វារព្រំដែន តែដោយឡែកខេត្តកំពង់ធំ ពុំទាន់មានរបាយការណ៍ណាមួយជូនដល់មន្រ្តីគយនោះទេ ចំណែកផលិតផលដែលនាំចូលដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ គឺជាការខុសច្បាប់។
លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ចំពោះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ គឺជាការងារសំខាន់សម្រាប់ការសហការគ្រប់សមត្ថកិច្ចពាក់ព័ន្ឋ ដើម្បីត្រួតពិនិត្យឯកសារសុំច្បាប់ និងត្រួតពិនិត្យគុណភាពទំនិញ ជៀសវាងផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
លោក ហួត ដានួន បានឲ្យដឹងទៀតថា គ្រប់ទំនិញទាំងអស់ មុននឹងនាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានពិនិត្យសុពលភាព និងគុណភាពទំនិញ តែបើសិនមកដល់គោលដៅសម្រាប់ការដាក់តាំងលក់ សមត្ថកិច្ចត្រូវចុះត្រួតពិនិត្យជាក់ស្តែងជាថ្មី តែបើសិនជាមានការកោសលុប សរសេរលើលេខថ្ងៃទីបញ្ជាក់សុពលភាព គឺសមត្ថកិច្ចមានសិទ្ធិក្នុងការផ្អាកមិនឲ្យមានការលក់បន្តទៀត និងមានទោសសម្រាប់បុគ្គលដែលប្រព្រឹត្ត។
លោក វ៉់ា ចាន់កុសល់ អនុប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ចំពោះបញ្ហាទំនិញត្រូវមានការត្រួតពិនិត្យ សម្រាប់សម្ភារទាំងឡាយ គឺត្រូវមានការពិនិត្យទាំងរថយន្ត ទាំងការបរិច្ឆេទ រួមទាំងសម្ភារៈ ទំនិញនាំចូល និងនៅពេលវិលត្រឡប់ទៅវិញ។
លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលខូចគុណភាព បានណែនាំឲ្យក្រុមការងារនៃសមាជិកគណៈកម្មការចុះត្រួតពិនិត្យផលិតផលខូចគុណភាពទាំងអស់ សហការគ្នាចុះអនុវត្តគ្រប់ទំនិញនាំចូលមកលក់ និងចែកចាយ និងការផ្សព្វផ្សាយផលិតផលនានាក្នុងខេត្តកំពង់ធំ៕
មតិយោបល់