ព័ត៌មានជាតិ

អត់លុយចាយលួចកុំព្យូទ័របានសម្រេច តែពេលយកទៅលក់ត្រូវម្ចាស់តាមទាន់ដាក់ម៉ាដៃម៉ាជើងស្ទើរក្ស័យ

បន្ទាយមានជ័យៈ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នាចោមវាយស្ទើរស្លាប់ បន្ទាប់ពីលួចកុំព្យូទ័រ ហើយម្ចាស់គេតាមទាន់នៅកន្លែងលក់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចតូបលក់ទូរស័ព្ទផ្លូវដើមពុទ្រា ក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ។

វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលបន្ទុកព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់កុំព្យូទ័រមានឈ្មោះ ហ៊ង រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយកុំព្យូទ័រដែលត្រូវគេលួចទៅម៉ាក អេស៊ូស ព៌ណខ្មៅ។

តាមសម្តីរបស់ជនរងគ្រោះ បាននិយាយថា រូបគេបានដើរទៅខាងក្រោយផ្ទះ ដោយទុកកុំព្យូទ័រនៅលើតុខាងមុខប្រហែលជា១០នាទីប៉ុណ្ណោះ ស្រាប់តែត្រឡប់មកវិញ បាត់កុំព្យូទ័រនោះ ហើយក៏ចេញមកខាងក្រៅសួរអ្នករត់ម៉ូតូឌុបនៅមុខ។ បន្ទាប់ពីទទួលបានភិនភាគតាមការរៀបរាប់របស់អ្នកម៉ូតូហើយ ជនរងគ្រោះក៏ចេញទៅតាមរកភ្លាមក៏ឃើញជនសង្ស័យឈរកាន់កុំព្យូទ័នៅមុខហាងលក់ទូរស័ព្ទដៃ។ ពេលនោះ ដោយខ្លាចជនសង្ស័យរត់ ក៏ស្រែកថា ចោរៗ ជនសង្ស័យឃើញដូច្នេះ ក៏ស្ទុះរត់ តែត្រូវបងប្អូនប្រជាពលរដ្ឋក្បែរនោះចាប់ជាប់ និងចោមវាយម្នាក់មួយដៃមួយជើងប៊ិះស្លាប់ តែសំណាងល្អមានការអន្តរាគមន៍ទាន់ពេលវេលាពីក្រុមមន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែត ក៏ចាប់ជនសង្ស័យមកស្នាក់ការដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឯម ផល្លា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងបន្ទប់ជួល ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសារភាពថា ព្រោះតែអត់លុយចាយខ្លាំងពេក ទើបបង្ខំចិត្តលួចដូច្នេះ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការរួចហើយ នៅរសៀលថ្ងៃទី៦ ខែមិថុនានេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

photo_2016-06-06_16-35-27photo_2016-06-06_16-35-29

មតិយោបល់