ព័ត៌មានជាតិ

ហាយឡែនឌ័របុកហ៊ីយ៉ាន់ដាយ ពីក្រោយពេញទំហឹង របួសធ្ងន់៣នាក់!

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២កន្លែងផ្សេងគ្នា រវាងរថយន្ត២គ្រឿង និងម៉ូតូ២គ្រឿង បណ្ដាលឲ្យមនុស្ស៣នាក់របួសធ្ងន់។

ហេតុការណ៍កើតឡើងនៅកាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤១ ក្នុងភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A 3849 បើកបរដោយឈ្មោះ ឃុន សោធា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិក្រុមហ៊ុន ឃុំបសេដ្ឋ និងអ្នករួមដំណើរជាមួយឈ្មោះ អ៊ុន ប៊ុនថា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំបសេដ្ឋ បើកបរពីជើងទៅត្បូងលុះបើកមកដល់ចំណុចកើតហេតុ បានឈប់ចំហៀងផ្លូវខាងស្ដាំ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS 2015 រេចង្កូតមកបុកពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់។

ចំណែកមួយករណីទៀតរថយន្តមិនចាំម៉ាក ដែលបើកបរបញ្ច្រាសទិសគ្នា ម៉ាកកូរ៉េ ពណ៌ស គ្មានស្លាកលេខ បុកចំពីមុខបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ អ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ចំណែកវត្ថុតាងទាំងអស់ត្រូវបានជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់