ភ្នំពេញៈករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានបើកម៉ូតូសង់សេ១២៥ ស៊េរីឆ្នាំ២០១៥ក្នុងល្បឿនលឿន មកបុកនឹងរថយន្តកាមរីបាឡែនពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AC-8317 បើកបរដោយបុរសម្នាក់កំពុងតែឈប់ស្តុប ទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវព្រះនរោត្តម ស្រាប់តែមានម៉ូតូឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-5921 បើកបរដោយបុរសម្នាក់ អាយុប្រហែលជា២០ឆ្នាំជាង បើកបរក្នុងល្បឿនលឿន បានបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ផ្លោងទៅបុកកញ្ចក់រថយន្តពីក្រោយសន្លប់ស្តូកស្កឹងនៅកន្លែងកើតហេតុ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីពេទ្យសុខលាភមេត្រីដឹកយកទៅដល់មន្ទីពេទ្យស្រាប់តែជនរងគ្រោះដឹងខ្លួនបានរត់ចេញពីមន្ទីរពេទ្យគេចខ្លួនបាត់ស្រមោលឆឹង។ រីឯរថយន្តរងការខូចខាតពីក្រោយយ៉ាងដំណំរីឯម៉ូតូវិញរងការខូចខាតផ្នែកាងមុខរួចចូលគ្នាខ្ទេចយ៉ាងដំណំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់