(ភ្នំពេញ)៖ ដីទំហំ ៤x១៦ម៉ែត្ រនឹងប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ១៦គ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសាលារាជធានីភ្នំពេញ នឹងចេញជាប្លង់កម្មសិទ្ធិស្របច្បាប់តែម្តង ហើយមុននៃការប្រគល់ជូននេះ និងម្យ៉ាង ដើម្បីឱ្យមានតម្លាភាព ស្មើសិទ្ធិ ស្មើភាព សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ មេសានេះ បានធ្វើពិធីចាប់ឆ្នោត ដើម្បីជ្រើសរើសយកទីតាំងដីរបស់ប្រជាពលរដ្ឋម្នាក់ៗ ដែលពិធីនេះ ត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ។
លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា នេះជាជំហានបន្តក្នុងការដំណោះស្រាយទំនាស់ដីធ្លី ដ៏រាំរ៉ៃនេះ របស់សាលារាជធានី ទៅតាមការប្តេជ្ញាចិត្តរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដោយលោកអភិបាល បានប្តេជ្ញាថា នឹងបញ្ចប់រាល់បញ្ហាទំនាស់ដីធ្លី ដែលរាំុរ៉ៃឱ្យអស់។ លោកបន្តថា មកដល់ពេលនេះការដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់ ជិតឈានដល់ទីបញ្ចប់ហើយ ពោល គឺនៅសល់តែ ៦គ្រួសារទៀតប៉ុណ្ណោះ។
ចំពោះប្រជាពលរដ្ឋ ដែលនៅសេសសល់នេះ មិនមែនមានន័យថា សាលារាជធានីភ្នំពេញ មិនដោះស្រាយនោះទេ គឺបានខិតខំដោះស្រាយណាស់ គ្រាន់តែមិនទាន់ឈានដល់ការស្រុះស្រួលគ្នាប៉ុណ្ណោះ ដោយខាងសាលារាជធានីភ្នំពេញប្រគល់ដីឱ្យពួកគាត់ ក្នុងមួយគ្រួសារ ដីទំហំ ៤ម៉ែត្រគុណនឹង១៨ម៉ែត្រ ប៉ុន្តែខាងប្រជាពលរដ្ឋទាមទាដី ដែលពួកគាត់រស់នៅជាក់ស្តែង។ លើបញ្ហានេះសាលារាជធានី នឹងបន្តការដោះស្រាយជាជំហានទៀត។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ក្នុងឱកាសនោះ បានឱ្យដឹងថា នេះជាកាដូថ្មីមួយទៀតរបស់សាលារាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋទាំង ១៦គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ របស់ខ្មែរយើងនេះ៕
មតិយោបល់