ព័ត៌មានជាតិ

ជិះម៉ូតូបត់ឆ្វេង ត្រូវរថយន្តស៊ាំយ៉ុង បុកស្លាប់នៅនឹងកន្លែង!

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ដោយស្ត្រីីម្នាក់បានជិះម៉ូតូមួយគ្រឿងបត់ឆ្វេង ត្រូវរថយន្តស៊ាំយ៉ុងបុកពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១០១-១០២ ភូមិគ្រើល ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងបន្ទាប់ពីម៉ូតូម៉ាកសង់កូរ៉េ ពណ៌ស្លាទុំ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឡុង ចន្ថា ភេទស្រី អាយុ៦២ឆ្នាំ ស្នាក់នៅភូមិ បុស្សស្បែង ឃុំជ្រលង ស្រុកបារាយណ៍ បើកបរក្នុងទិសដៅពីត្បូងទៅវិញ លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះបានបត់ឆ្វេង ក៏ត្រូវរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ផ្លាកស្លាកលេខ ភ្នំពេញ 2AP-4290 បើកបរឈ្មោះ វានវឿន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិបាយ៉ាប ឃុំទៀងឃ្វាង ស្រុកកំចាយមា ខេត្តព្រៃវែង បុកពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក បារាយណ៍រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត។ ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់