ព័ត៌មានជាតិ

ជិះម៉ូតូលឿន ទៅបុកម៉ូតូគេកំពុងឈប់នៅចិញ្ចើមផ្លូវពេញទំហឹង ស្លាប់និងរបួស៤នាក់!

ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្ស៤នាក់ ស្លាប់និងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទី​ល្ងាច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ២៥៤ -១៥៥ ភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមការបញ្ជាក់របស់សមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1E-4469 ជិះឌុបគ្នា២នាក់ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-1299 ដែលកំពុងឈប់នៅលើចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ ទី១ឈ្មោះ ជ្រៀង ជុន អាយុ៣៣ឆ្នាំ ភេទប្រុស ជាអ្នកបើកបររងរបួសធ្ងន់ និងទី២ឈ្មោះ សាន្ត អាយុ៣៧ឆ្នាំ ភេទប្រុស អ្នករួមដំណើ​រ ស្លាប់នៅពាក់កណ្តាលផ្លូវ ពេលដែលកំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។ ចំណែកឯភាគីម៉ូតូបង្ក រងរបួសធ្ងន់ទាំង២នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់