ព័ត៌មានជាតិ

រថយន្តធុនធំបុក470 ពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាត នៅខណ្ឌកំបូល

ភ្នំពេញ: រថយន្តធុនធំមួយគ្រឿង បើកបរក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកគូទរថយន្តឡិចស៊ីស470 ពេញទំហឹង បណ្តាលឲ្យរងការខូចខាត រួចរថយន្តបង្កមិនទាន់អស់ល្បឿន ក៏បន្តឡើងសួនច្បារពុះចែកផ្លូវទៅមុខលែងរួច។

ហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខវត្តព្រៃស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តឡិចស៊ីស LX 470 ពណ៌ស ពាក់ស ពាក់ផ្លាកលេខភ្នំពេញ 2G 6000 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុក៏បង្អង់ល្បឿន ស្រាប់តែមានរថយន្តធុនធំ ពណ៌ខៀវ លាយស ពាក់ផ្លាកលេខកំពង់ចាម 3A 2704 បើកបរមកពីក្រោយក្នុងល្បឿនលឿ នចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកគូទរថយន្តឡិចស៊ីសពេញទំហឹង បណ្តាលឲ្យរងការខូចខាត តែសំណាងមិនមានមនុស្សរងរបួស ហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តឡើងខឿនពុះចែកផ្លូវ ទើបទៅមុខលែងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងគូសវាសយករថយន្តចេញពីកន្លែងកើតហេតុ ជៀសវាងស្ទះចរាចរណ៍ និងធ្វើការទាក់ទងទៅជំនាញ មកយករថយន្តទាំង២គ្រឿង យកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

មតិយោបល់