ព័ត៌មានជាតិ

ម្ចាស់មិននៅផ្ទះ ទុកក្មេងតូចៗឲ្យនៅមើល បែរជាមកវិញឆេះខ្ទេច

កំពង់ឆ្នាំងៈ លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់Post News ថា មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង ដែលម្ចាស់មិននៅទុកឲ្យក្មេងៗតូចឲ្យចាំផ្ទះ​បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលឆេះនេះធ្វើអំពីឈើ ជញ្ជាំងនិងដំបូលសង្ក័សី មានទំហំ៧ម៉ែត្រ គុណនឹង៥ម៉ែត្រ ឆេះអស់ពី៦០% ទៅ៧០%រួមទាំងទ្រព្យសម្បត្តិអស់មួយចំនួនធំ ដែលមានម្ចាស់ឈ្មោះ អៀម អឿន ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។ ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីម្ចាស់ផ្ទះធ្វេសប្រហែសមិននៅផ្ទះ ទុកក្មេងតូចឲ្យនៅចាំផ្ទះ និងកំពុងស្រាវជ្រាវបន្ត៕

មតិយោបល់