បន្ទាយមានជ័យៈ លោក សៅ សារឿន អធិការរងក្រុងប៉ោយប៉ែត ទទួលផ្នែកចរាចរណ៍ បានប្រាប់Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបានកៀរប៉ះម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង១០នាទី យប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខ ធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានគេឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ១៩៩៩ ពុំមានស្លាកលេខ បើកបរដោយឈ្មោះ សំ យាន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ការ៉េម រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បើកបរគោលដៅពីកើតទៅលិច លុះបើកបរដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តទំនិញធុនធំសណ្តោងរឺម៉កមួយម៉ាកមីគា ពាក់ស្លាកលេខ Thailand 70-3207 បើកពីកើតទៅលិចស្របទិសគ្នា បានមកកៀរប៉ះនឹងម៉ូតូខាងលើ បណ្តាលឲ្យម៉ូតូដួលហើយត្រូវរថយន្តកិនពីលើ បណ្តាលឲ្យអ្នកបើកបរម៉ូតស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់ភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/J8kGzctsbms
មតិយោបល់