ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលបានយកកាំបិតភ្ជង់គំរាមប្លន់យកលុយនិងទូរសព្ទដៃម៉ាកអាយហ្វូនហ្វាយមួយគ្រឿង ខណដែលជនរងគ្រោះកំពុងតែឈរនោមនៅក្បែរស្រះទឹកក្នុងវត្តចាស់ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តចាស់ ស្ថិតនៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យនោះមានឈ្មោះ នុត ស៊ីថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ុន ម៉េងលីន ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ខុន ថាំង ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំងពីរមានមុខរបរកម្មករសំណង់ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតបានកាំបិតចំនួនមួយដាវចំនួនមួយ ដំបងឬស្សីចំនួន១ ទូរសព្ទដៃចំនួន៣គ្រឿងអាយហ្វូនហ្វាយមួយគ្រឿង សាំសុងមួយគ្រឿងនិងម៉ាកណូគាមួយគ្រឿង កាបូបលុយចំនួន២និងលុយខ្មែរជិត៤០ម៉ឺនរៀល។
ក្រោយឃាត់ខ្លួនជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅត្រង់ចំណុចគោលដៅ(A8)ការពារសន្តិសុខពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់