ព័ត៌មានជាតិ

អុញនោះ! ជម្លោះឱពុកបង្កើតនឹងកូន គប់កាំបិតចុះឡើងឃាត់មិនស្តាប់ កូនប្រសារជាមន្ត្រីយោធា ដកអាវុធបាញ់ផ្អើលទើបលែងឈ្លោះ

តាកែវ: លោកវរសេនីយ៏ត្រី ប៉ិច វណ្ណា អធិការស្តីទីស្រុកទ្រាំង បានប្រាប់ Post News ថា កាលពីវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីឈ្លោះក្រកែកគ្នា រវាងឪពុក និងកូនបង្កើត បានបង្កឲ្យមានការផ្ទុះអាវុធចំនួនពីរគ្រាប់ ដែលទ្បើងនៅភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែ។

ជនសង្ស័យឈ្មោះ ឆេង មករា ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរ កសិករ ប្រដាប់ដោយកាំបិតឆ្នៃ បានទៅកាប់បំផ្លាញផ្លែចេករបស់ឈ្មោះឆេង ហឿន អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មុខរបរកសិករ (ត្រូវជាឪពុក) បង្កឲ្យមានការឈ្លោះប្រកែកគ្នា ទើបឈ្មោះ ឆេង មករា បានចោលកាំបិតសំដៅទៅឪពុក តែមិនបានត្រូវនោះទេ ឃើញដូច្នេះជនសង្ស័យ ឈ្មោះឡោ ប៊ុន ភក្ត្រ័ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅជាមួយឪពុកក្មេក ឈ្មោះ ឆេង ហឿន មានមុខរបរខេមរភូមិន្ទ អត្តលេខ៣៨៦៨កងពលង៧០ ប្រដាប់ដោយអាវុធខ្លី ម៉ាករ៉ូឡូ បានផ្ទុះអាវុធចំនួនពីរគ្រាប់ តែមិនបណ្តាលឲ្យមានអ្នកណារបួសទេ។

ក្រោយកើតហេតុលោកវរសេនីយ៏ត្រី ប៉ិច វណ្ណា អធិការស្តីទីទទួលបញ្ជាពីលោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តដឹកនាំកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ រួចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះឡោ ប៊ុនភក្ត្រ័។

ដោយដកហូតវត្ថុតាងបាន រួមមាន៖ អាវុធខ្លី១ដើម មានគ្រាប់ចំនួន០៣គ្រាប់ និងសំបកគ្រាប់ពីរគ្រាប់ កាតសម្គាល់ខ្លួនមួយច្បាប់ កាំបិតកែឆ្នៃ១ ចំណែកជនសង្ស័យឈ្មោះ ឆេង មករា បានរត់គេចខ្លួន ដែលករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី៕

មតិយោបល់