ភ្នំពេញៈ បុរសម្នាក់ ដែលអះអាងថាខ្លួនជាអ្នកបើកម៉ូតូប្រណាំង តែសង្ស័យស្រវឹងស្រា បើកបង្ហោះជ្រុល ភ្លាត់ស្នៀត ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈាន ចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងប្រឡាយ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយសារ លើកម៉ូតូមិនរួច ម្ចាស់ដើរទៅផ្ទះបាត់ ទុកចោលមួយយប់ ត្រូវបានប្រជាការពារភូមិ នាំគ្នាលើកម៉ូតូ យកទៅប្រគល់ឲ្យអាជ្ញាធរសង្កាត់ រហូតដល់ វេលាម៉ោង១រសៀល ថ្ងៃទី០៦ ខែមិថុនា ទើបលេចមុខម្ចាស់ មកដើរសួររកម៉ូតូវិញ ។
ម៉ូតូ អភ័ព្វ ដែលម្ចាស់បោល ទម្លាក់ចូលទឹកស្អុយ ម៉ាក SL កែ សេរី ធ្វើជាម៉ូតូប្រណាំង ពណ៌លឿងទុំ ពាក់ស្លាកលេខ ភ្នំពេញ 1U-6070 មានម្ចាស់ ជាអ្នក ប្រណាំងម៉ូតូ មានឈ្មោះ សួន សុភា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅជិតផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិត្មោតកើត ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខ្លួន ចេញមកពីផឹកសុីជាមួយមិត្តភ័ក្រ្ត លុះស្រវឹង ជិះម៉ូតូត្រឡប់ទៅផ្ទះ តាមផ្លូវបេតុង ភូមិព្រៃល្វា ពីត្បូងទៅជើង ចេញទៅដល់ភូមិជ្រៃកោង គេចពីរថយន្ត ហោះធ្លាក់ចូលប្រឡាយទឹកតែម្តង ហើយខណៈដែលយប់ស្ងាត់ ពុំមានមនុស្សណាឆ្លងកាត់ ពឹងឲ្យជួយលើក ដោយសារម្ចាស់មានតែម្នាក់ឯង ម៉ូតូ ធំ ធ្ងន់ លើកមិនរួច ក៏ដើរថ្មើរជើងទៅផ្ទះបាត់ ទុកម៉ូតូចោលឲ្យនៅត្រាំទឹកស្អុយ ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ម៉ូតូមួយគ្រឿងខាងលើ ព្រឹកព្រលឹម ថ្ងៃទី០៦ ទៅហើយទើបប្រទះឃើញ នៅត្រាំទឹកស្អុយ រកម្ចាស់មិនឃើញ ក៏យកទៅរក្សាទុកនៅសាលាសង្កាត់ចោមចៅ រហូតដល់រសៀល ថ្ងៃដដែលទើបលេចមុខម្ចាស់ កាន់កាតគ្រី មកសុំយកម៉ូតូពីសាលាសង្កាត់ចោមចៅត្រឡប់ទៅវិញ៕

https://youtu.be/sd0AgEU07kg
មតិយោបល់