ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន៣នាក់ សង្ស័យករណីប្រព្រឹត្តអំពើ​ប្លន់ប្រដាប់អាវុធ​

​ភ្នំពេញៈ យុវជន៣នាក់ ត្រូវបានសម្ថតកិច្ចឃាត់ខ្លួន បន្ទាប់ពីជនរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវចោរភ្ជង់ប្លន់យកកាលពីឆ្នាំមុនហើយក៏ប្រទះឃើញនៅតាមផ្លូវឧកញ៉ាម៉ុងរិទ្ធី។
ការឃាត់ខ្លួនយុវជនទាំង៣នាក់ខាងលើនេះនៅវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខបុរីជិបម៉ុងឡែន តាមបណ្តោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើនោះ ទី១មានឈ្មោះ រិន ឈៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ និងមានស្រុកកំណើត ភូមិរមាស ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទី២ឈ្មោះ អឿន ចរណៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅរោងសិប្បកម្ម ភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិត្រពាំងចំបក់ ឃុំលង្វាក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ និងទី៣ឈ្មោះ ម៉េង រតនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅរោងសិប្បកម្ម ភូមិភ្នំពេញថ្មី មានស្រុកកំណើតភូមិរមាស ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ចំណែកដើមបណ្តឹងជាម្ចាស់ម៉ូតូដែលត្រូវចោរប្លន់កាលពីឆ្នាំមុននោះមានឈ្មោះ ឆុង ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី និងមានស្រុកកណើតភូមិត្បែង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បានរៀបរាបប្រាបសមត្ថកិច្ចថា កាលពីឆ្នាំ២០១៥រូបគាត់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CS.2016 ចេញពីផ្ទះជួលទៅរត់ឌុបហើយនៅវេលាម៉ោង៦និង៣០នាទីព្រឹក ក៏ជួបនិងជនសង្ស័យម្នាក់ហៅអោយគាត់ឌុបពីម្តុំមុខមន្ទីរពេទ្យសែនសុខ(IU)ទៅសង្កាត់សំរោងក្រោម ស្រាប់តែទៅដល់ក្បែរប៉ុស្តិ៍សំរោងក្រោម ជនសង្ស័យបានដកកាំភ្លើងភ្ជង់ប្លន់យកទៅបាត់។ លុះមកដល់ថ្ងៃកើតហេតុជនរងគ្រោះបានឃើញម៉ូតូរបស់ខ្លួនត្រូវជនសង្ស័យកំពង់ជិះឌុបគ្នាតាមផ្លូវខាងលើក៏ប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនតែម្តង។

ដោយឡែកតាមសម្តីរបស់ឈ្មោះ រិន ឈៀង បានបញ្ជាក់ប្រាប់សមត្ថកិច្ចថាម៉ូតូដែលរងការចោទប្រកាន់នេះគឺឱពុករបស់ខ្លួនបានទិញពីអ្នកស្គាល់គ្នានៅខេត្តព្រៃវែងតាំងពីអំឡុងឆ្នាំ២០១៥មកម្ល៉េះទុកអោយកូនជិះធ្វើការលុះមកដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់មកអះអាងថាម៉ូតូនេះជារបស់ខ្លួនទៅវិញ។

តាមសម្តីសមត្ថកិច្ចបានប្រាប់ថា ក្រោយពីឃាត់ខ្លួនយុវជនទាំង៣នាក់មកសាកសួនិងត្រួតពិនិត្យនូវឯកសាររបស់ដើមបណ្តឹងរួចឃើញថាម៉ូតូខាងលើមានស្លាកត្រឹមត្រូវតាមឯកសាច្បាប់ដើមរបស់ដើមបណ្តឹងប៉ុន្តែលេខតួ លេខម៉ាស៊ីនបែជាខុស(ដាក់ជួសលេខ)។
បច្ចុប្បន្ន សមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវលើករណីនេះបន្ថែមទៀត៕

មតិយោបល់