ភ្នំពេញៈ យុវជនដែលជាកម្មករនៅដេប៉ូលក់ស្រាបៀរចំនួន២នាក់ ត្រូវតំណាងក្រុមហ៊ុន ចាប់ឃាត់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចដើម្បីសាកសួរក្រោយពីបានធ្វើសកម្មភាពចូលបន្លំលួចយកស្រារបៀរចំនួន៤កេស ចេញពីឃ្លាំង។
ហេតុការណ៍ឃាត់ខ្លួនយុវជនខាងលើកាលពីម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី ៦ ខែវិច្ឆិការ ឆ្នាំ២០១៧ នៅឃ្លាំងស្តុកអីវ៉ាន់ នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យុវជនដែលជាសង្ស័យខាងលើ ទី១ឈ្មោះ សាយ សឿន អាយុ២០ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅក្នុងឃ្លាំងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មានស្រុកកំណីត ភូមិក្អមសំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។ ទី២ឈ្មោះ លិន រស់ អាយុ២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងឃ្លាំង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មានស្រុកកំណើតភូមិស្រះ ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។
រីឯដើមបណ្តឹងតំណាងឲ្យម្ចាស់ឃ្លាំងឈ្មោះ កន តារាវុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង ស្នាក់នៅក្នុងឃ្លាំងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមការបកស្រាយរបស់ដើមបណ្តឹងបានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើគឺថៅកែបានប្រើអោយលើកស្រាបៀរយកទៅអោយម៉ូយចំនួន៥០០កេស ខណៈដែលលើកឡើងស្រាប់តែជនសង្ស័យខាងលើបានបន្លំសៀតខ្ទាស់ចំនួន៤កេសបន្ថែម នៅក្នុងរថយន្តហើយ ក៏បើកចេញពីឃ្លាំងទៅពេលនោះថៅកែមើលស្តុកក្នុងឃ្លាំងឃើញបាត់ចំនួន៤កេស ដោយសង្ស័យក៏បើករថយន្តតាមពីក្រោយរហូតដល់កន្លែងម៉ូយ ក៏ឈរចាំមើលកម្មករទម្លាក់ចេញពីរថយន្តក្រោយពីទម្លាក់អស់ទើបឃើញស្រាបៀរដែលបាត់ចំនួន៤កេសខាងលើមែន រួចក៏នាំខ្លួនជនសង្ស័យទាំង២អោយសមត្ថកិច្ចតែម្តង។
ប្រភពដដែលបានបញ្ជាក់ប្រាប់ទៀតថាបើរឿងស្រាបៀរចំនួន៤កេស នេះវាមិនមែនជាបញ្ហាឡើយក៏ប៉ុន្តែកន្លងមកក្រុមហ៊ុនតែងតែបាត់ស្រាបៀរអស់ជាច្រើនរាប់រយកេសទៅហើយមិនដែលចាប់ភស្តុតាងបានឡើយទើបតែពេលនេះចាប់ជាប់បានជាក់ស្តែងតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពពិតជាបានបន្លំលួចយកស្រាបៀររបស់ក្រុមហ៊ុនពិតប្រាកដមែន ប៉ុន្តែទើបតែម្តងនេះឯងដែលមានចំនួន៤កេសនោះចំណែកក្រុមហ៊ុនថាធ្លាប់បាត់រាប់រយកេសកន្លងនោះគឺពួកខ្លួនមិនដឹងនោះឡើយ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងរង់ចាំកសាងសុំនុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយ៕
មតិយោបល់