កូរ៉េៈ នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកកាន់កូរ៉េខាងត្បូង បានធ្វើឲ្យកូរ៉េខាងជើងបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីបង្កើនសមត្ថភាពនុយក្លេអ៊ែរ ដើម្បីប្រឆាំងអាមេរិក និងសម្ព័ន្ធមិត្តរបស់មហាអំណាចមួយនេះ ខណៈដែលភាពតានតឹងនៅឧបទ្វីបកូរ៉េ បានឈានចូលដល់រយៈពេលខែ ៧ កន្លងមកនេះ មិនមានសញ្ញានៃការដោះស្រាយបានទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០១៧។
កាសែតរដ្ឋកូរ៉េខាងជើងឈ្មោះថា Rodong Sinmun បានចុះផ្សាយរិះគន់អាមេរិក ចំពោះការប្រើសកម្មភាពយោធាបង្កហេតុ មិនចេះក្រែងរអែង ដែលវានឹងនាំទៅរកការបំផ្លាញដល់ខ្លួនឯង ជាពិសេសការរៀបចំគម្រោងធ្វើសមយុទ្ធយោធាអាមេរិក ជាមួយវត្តមាននៃនាវាចម្បាំងផ្ទុកយន្ដហោះខ្លួន ដែលអាចវាយប្រហារពាសពេញដែនទឹករបស់កូរ៉េខាងជើង។
សូមជំរាបថា នាវាចម្បាំងផ្ទុកយន្ដហោះអាមេរិក USS Nimitz, USS Ronald Reagan, USS Theodore Roosevelt និងក្រុមកងកម្លាំងរបស់ពួកគេ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងសមយុទ្ធរួមគ្នាជាច្រើន នៅតំបន់ប៉ាស៊ីហ្វិក នាចុងសប្តាហ៍នេះ៕
មតិយោបល់