ភ្នំពេញៈ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូមិនចាំម៉ាកធ្វើសកម្មភាពឆក់កាបូបពីជនបរទេសម្នាក់មិនបានសម្រេច
ត្រូវកម្លាំងកងរាជអាវុធហត្ថឃើញហើយក៏ដេញតាមដល់ផ្លូវកម្ពុជាក្រោម ជនសង្ស័យក៏ផ្ដួលម៉ូតូចោល ហើយរត់ចូលក្នុងអតីតមន្ទីសុខាភិបាលបាត់ស្រមោល ស្ថិតក្នុងមូលដ្ឋានខណ្ឌ៧មករា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងអតីតមន្ទីសុខាភិបាលចាស់ តាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនបរទេសម្នាក់កំពុងតែជិះម៉ូតូឌុបបម្រុងនឹងទៅផ្ទះ លុះមកដល់ត្រង់ចំណុចផ្សារធំថ្មី ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ មិនចាំស្លាកលេខ ជិះមកកៀកនឹងជនបរទេស រួចឆក់កាបូបបានសម្រេច ស្រាប់តែប្រជាពលរដ្ឋនិងកម្លាំងកងរាជអាវុធហត្ថដែលប្រចាំការនៅគោលដៅនោះ បានជិះដេញតាមជនសង្ស័យភ័យស្លាន់ស្លោរពេក ក៏បានបោះកាបូបចោលទើបជនបរទេសនោះរើសយកទៅវិញ ហើយបន្តដំណើរទៅផ្ទះជាធម្មតា។ រីឯជនសង្ស័យបន្តដំណើរទៅដល់ត្រង់ចំណុចអតីតអាគារមន្ទីសុខាភិបាលចាស់ ក៏ផ្តួលម៉ូតូចោលហើយរត់ផ្លោះចូលទៅក្នុងអាគារនោះបាត់ស្រមោលឈឹង ។
ក្រោយពេលកើតហេតុកងកម្លាំងទាំង២ប្រភេទបានរុករកជនសង្ស័យនៅក្នុងអាគារមន្ទីសុខាភិបាលចាស់នោះអស់រយៈពេលជិត២ម៉ោងមិនឃើញហើយទើបសន្និដ្ឋានថា ជនសង្ស័យនោះបានរត់តាមអាគារសុខាភិបាលចាស់នោះឆ្លងទៅតាមផ្ទះប្រជាពលរដ្ឋរត់គេចខ្លួនបាត់ស្រមោលទៅហើយ ៕
មតិយោបល់