ភ្នំពេញៈ បុរសម្នាក់បើកបររថយន្តកូរ៉ូឡាមួយគ្រឿងសង្ស័យស្រវឹង បើកលឿនរេចង្កូតធ្លាក់ផ្លូវបុកគំរបលូ ចញ្ចើមផ្លូវ រួចបន្តល្បឿនហោះទៅបុកឃឿនឥដ្ឋ បាំងព្រំដីបាក់ខាងមុខផ្ទះប្រជាពលរដ្ឋ រងការខូចខាតខ្ទេចមួយកំណាត់មុខ ចំណែកអ្នកបើកបររថយន្តរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីបុរសម្នាក់មិនបញ្ចេញឈ្មោះ ដែលគាត់កំពុងឈរលេងមុខផ្ទះក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តបង្កខាងលើម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2O-0454 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹង តាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានព្យាយាមវ៉ារថយន្តមួយគ្រឿងមកខាងស្តាំដៃ ដោយរថយន្តលឿនទប់ចង្កូតមិនបាន ហើយសង្ស័យម្ចាស់ស្រវឹងទៀតនោះ បានរេចង្កូតធ្លាក់ផ្លូវបុកគំរប លូទឹកស្អុយ នៅចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តហោះទាំងកំរោលទៅមុខប្រមាណជាង៣០ម៉ែត្រ បុកជាមួយឃឿនឥដ្ឋ បាំងព្រំដី បាក់ខ្ទេច ចំណែកឯរថយន្តរងការខូតខាតមួយកំណាត់មុខទាំងស្រុង រីឯម្ចាស់រថយន្តបែកក្បាលឈាមស្រោចមុខ សន្លប់ក្នុងរថយន្ត។ ភ្លាមនោះក៏មានអ្នកដំណើរតាមផ្លូវឃើញ ចូលទៅវាយកញ្ចក់រថយន្តបើកទ្វារយកជនរងគ្រោះជាម្ចាស់រថយន្ត ចេញមកធ្វើចលនាបេះដូងដើម្បីសង្គ្រោះបឋម ក្រោយមកទើបមានរថយន្តសាមុយគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះបន្ទាន់។
ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ សាកសួរដំណើររឿង ដោយម្ចាស់ផ្ទះដែលបាក់ឃឿនមិនបានទាមទារសំណងនោះទេ ទើបសមត្ថកិច្ចប្រគល់រថយន្តឲ្យសាច់ញាតិម្ចាស់រថយន្ត ហៅរថយន្តស្ទួចមកស្ទួចយកទៅជួលជុលដោយខ្លួនឯង៕
មតិយោបល់