ព័ត៌មានជាតិ

បុគ្គលិកគ្រឹះស្ថាន កំសាន្ត ម្នាក់ យកលុយក្រុមហ៊ុនចាយអស់ ១៥,០០០ដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ បុគ្គលិកគ្រឹះស្ថាន កំសាន្ត ម្នាក់ត្រូវតំណាងក្រុមហ៊ុននាំខ្លួន មកប្រគល់ឲ្យសមត្ថកិច្ច ដោយចោទប្រកាន់ពីបទរំលោភលើសេចក្ដីទុកចិត្ត ធ្វើឲ្យបាត់លុយក្រុមហ៊ុនអស់១៥,០០០ដុល្លារ។

ករណីនេះដែរ បានកើតឡើងបន្ទាប់ពីតំណាងក្រុមហ៊ុន បាននាំខ្លួនជនសង្ស័យ មកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី នៅម៉ោង១ និង២០នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យខាងលើ ជាប់ពាក់ព័ន្ធក្នុងករណីរំលោភលើសេចក្ដីទុកចិត្ត មានឈ្មោះ ចាន រតនា អាយុ៣០ឆ្នាំ មុខរបរជាបុគ្គលិកគ្រឹះស្ថាន កំសាន្ត ផ្នែក CO ស្នាក់នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

ចំណែកដើមបណ្តឹងឈ្មោះ ជា សម្បតិ្ត ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរអ្នកគ្រប់គ្រងផ្នែកលក់ប្រេង ស្នាក់នៅផ្ទះលេខ១១៩ ផ្លូវហាណូយ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ជា សម្បត្តិ ដែលជាដើមបណ្តឹង បានរាយការណ៍ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ម៉ោងប្រហែល២០ និង៣០នាទី រូបគាត់បានប្រគល់ប្រាក់ឲ្យទៅឈ្មោះ ចាន់ រតនា នៅកន្លែងធ្វើការចំនួន១៥,០០០ដុល្លារ ដើម្បីឲ្យយកទៅទូទាត់សងថ្លៃប្រេងគេ ហើយគាត់ចេញទៅធ្វើការ នៅក្រៅប្រទេស នៅពេលគាត់ត្រឡប់មកវិញ ទៅឆែកមើលការទូទាត់សងគេ និងទឹកប្រាក់នោះស្រាប់តែឃើញនៅសល់តែ ៥៦៥០ដុល្លារប៉ុណ្ណោះ ដោយមានការសង្ស័យលើឈ្មោះ ចាន់ រតនា ជាអ្នកធ្វើឲ្យបាត់លុយ ទើបនាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច ធ្វើការសាកសួតែម្តង។

ជនជាប់ចោទ ឈ្មោះ ចាន់ រតនា បានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានទទួលលុយពីឈ្មោះ ជា សម្បតិ្ត ចំនួន១៥,០០០ដុល្លារមែន ប៉ុន្តែក្នុងការទូទាត់សងថ្លៃប្រេងនោះ មានគ្នាពីនាក់ដែលធ្វើការជាមួយខ្លួន ហើយនៅពេលខ្លួន ធ្វើបញ្ជីសងថ្លៃប្រេងគេ ទៅឃើញបាត់លុយចំនួន៤៣០០ដុល្លារតែប៉ុណ្ណោះ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យ ដោយចោទពីបទរំលោភលើទំនុកចិត្ត និងកសាងសំណុំរឿង បញ្ជូនទៅតុលាកាជាអ្នកវិនិច្ឆ័យបន្ត៕

មតិយោបល់