សៀមរាបៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ សាខាកាំកុងត្រូលខេត្តសៀមរាប បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យទំនិញ ផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារកំពង់ក្តី ស្ថិតក្នុុងឃុំកំពង់ក្តី ស្រុកជីក្រែង និងផ្សារថ្នល់ចែក ស្ថិតក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ហើយទទួលបានលទ្ធផលដូចខាងក្រោម៖
_ ក្នុងផ្សារកំពុងក្តី ស្ថិតក្នុងស្រុកជីក្រែង ៖ លទ្ធផលវិភាគបឋម ដោយប្រើ Test kit លើម្ហូបអាហារមួយចំនួនដូចជា ត្រីងៀតលក់នៅគ្រប់តូប ប្រហុក សាច់ក្រក ប្រភេទជ្រក់ បានបង្ហាញថា ពុំមានសារធាតុគីមីហាមឃាត់ដូចជា Borax, Formalin, Salicylic Acid និង Sodium Hydrosulfite ត្រូវបានរកឃើញនៅក្នុងម្ហូបអាហារទាំងនោះឡើយ ។
ប៉ុន្តែបានវិភាគបឋមរកឃើញនៅក្នុងសរសៃគុយទាវដែលដាក់តាំងលក់ក្នុងផ្សារ២ កន្លែងមានវត្តមានសារធាតុគីមីហាមឃាត់ Borax ។
តាមការណែនាំពីថ្នាក់ដឹកនាំក៏ដូចជាដំណោះស្រាយដែលថ្នាក់ដឹកនាំស្រុកជីក្រែង និង ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ទទួលចុះជួយស្រុកជីក្រែង និង ស្រុកសូទ្រនិគមស្នើឡើងតាមរយៈទូរសព្ទ គឺស្នើឲ្យសាខាចាត់វិធានការជំហានដំបូង ដោយឲ្យអ្នកលក់ ហើយក៏ជាអ្នកផលិតផងដែរ ធ្វើកិច្ចសន្យាចំពោះសមត្ថកិច្ចដោយបញ្ឈប់ជាបន្ទាន់នូវការដាក់តាំងលក់ និងដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ ក្នុងករណីមិនរាងចាល នឹងចាត់ការតាមនីតិវិធីតុលាការ។ ដោយឡែកចំពោះសរសៃគុយទាវមានសារធាតុគីមីហាមឃាត់បូរ៉ាក់ចំនួន ២០.៥០ គីឡូក្រាម ត្រូវបានធ្វើកំណត់ហេតុដកហូតនិងបានដុតកម្ទេចចោលភ្លាមៗ នៅក្នុងបរិវេណសាលាស្រុកជីក្រែង ។
ដោយឡែកចំពោះការពិនិត្យលើផលិតផលវេចខ្ចប់រួចវិញ បានរកឃើញមានផលិតផលភេសជ្ជៈប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ សរុបមានចំនួន ១៣៣.៣១០ ml = ១៣៣.៣១០ គីឡូក្រាម និងបានធ្វើកំណត់ហេតុ និងដកហូតយកមករក្សាទុកដើម្បីសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ ។
_ ផ្សារថ្នល់ចែក ស្ថិតក្នុងស្រុកសូទ្រនិគម៖ តាមលទ្ធផលវិភាគបឋមដែលបានវិភាគទៅលើត្រីងៀត និង ប្រហុក បានបង្ហាញនូវលទ្ធផលល្អ ដោយ ពុំមានវត្តមានសារធាតុគីមីហាមឃាត់ Borax និង Sodium Hydrosulfite ត្រូវបានរកឃើញក្នុងត្រីងៀត និង ប្រហុកឡើយ ៕
មតិយោបល់