ព័ត៌មានជាតិ

អាណិតណាស់! ជិះរម៉កឌុបប្រពន្ធកូនដើរទិញអេតចាយ គេចឆ្កែរត់កាត់ ជ្រុលទៅបុកដើមខ្វិតស្លាប់មួយរំពេច!

កណ្ដាលៈ បុរសម្នាក់ បានបើករម៉កម៉ូតូដឹកប្រពន្ធនិងកូន ដើរទិញអេតចាយ បានជ្រុលចង្កូតទៅបុកដើមខ្វិត បណ្ដាលឲ្យស្លាប់ខ្លួនឯង នៅនឹងកន្លែងកើតហេតុនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧និង១៥នាទី ចំណុចផ្លូវលំ លេខ១២១០ ក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

បើតាមប្រពន្ធឈ្មោះ សូត្រ ធឿន បានឲ្យដឹងថា ប្ដីរបស់ខ្លួនមានឈ្មោះ ចាន់ សោភ័ណ្ឌ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរដើរទិញអេតចាយ ស្នាក់នៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល បើកម៉ូតូសណ្ដោងរម៉កម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ដឹកគាត់ជាប្រពន្ធរួមនិងកូនស្រីម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចខាងលើ ស្រាប់តែមានសត្វឆ្កែរត់កាត់ផ្លូវ ហើយប្ដីរបស់គាត់ បានបើកម៉ូតូសណ្ដោងរ៉ឺម៉កគេចពីសត្វឆ្កែ ក៏ជ្រុលទៅបុកដើមខ្វិត បណ្ដាលឲ្យបាក់កស្លាប់នៅនឹងកន្លែង។ ចំណែកខ្លួន និងកូនស្រីពុំមានរងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់