ព័ត៌មានជាតិ

ជនជាតិហ្វីលីពីនម្នាក់ លេបគ្រឿងញៀនជាង១គីឡូចូលពោះ ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅព្រលានយន្តហោះសៀមរាប

សៀមរាបៈ លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនប្រឆាំងបទល្មើស បានប្រាប់ Post Newsថា កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានការឃាត់ខ្លួនជនសង្ស័យជាស្ត្រីជនជាតិហ្វីលីពីនម្នាក់ ខណៈដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀនឆ្លងប្រទេស ដោយក្នុងរូបភាព លេបថ្នាំញៀនប្រហែល១គីឡូក្រាម ចូលក្នុងខ្លួនបំភន្ត័ភ្នែកសមត្ថកិច្ច តែគេចមិនរួច ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំង មន្ទីរប្រឆាំងគ្រឿងញៀន និងគយរដ្ឋាករ និងនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗ។

ជនសង្ស័យខាងលើនេះមានឈ្មោះ MEDIDA RUERA ជនជាតិហ្វីលីពីន សញ្ជាតិហ្វីលីពីន អាយុ៤០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ P2306822A ។ ដកហូតសារធាតុញៀនប្រភេទកូកាអ៉ីន(Cocaine) ចំនួន៨៣ ដុំ ទម្ងន់ ១០៤២,៥៨ក្រាម។

មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយមានឈ្មោះនិងរូបថតដែលយើងបានដាក់ចូលនៅក្នុង Blacklist ទើបថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ ការបង្ក្រាបបានករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយលេបលាក់នៅក្នុងខ្លួន ពីប្រទេស Brazil មកកម្ពុជា ឆ្លងកាត់ ឌូបៃ, ក្វាងចូវ តាមជើងយន្តហោះលេខ CZ 3063 ចុះនៅអាកាសយានដ្ឋានអន្តជាតិសៀមរាប ទើបនៅវេលាម៉ោង៥ និង២០នាទីល្ងាច សមត្ថកិច្ចជំនាញយើងបានសហការចាប់ខ្លួនជនសង្ស័យ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តជាតិសៀមរាបតែម្តង។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនប្រឆាំងបទល្មើស បានបន្តប្រាប់ Post Newsថា ជនសង្ស័យរូបនេះបានសារភាពថា រូបគេពិតបានធ្វើដំណើរចំនួន២ លើកដើម្បីមើលសភាពការណ៍ នៅប្រទេសចំនួន៣ គឺ កម្ពុជា ថៃ វៀតណាម ដូច្នេះលើកនេះ សម្រេចលេបថ្នាំញៀនប្រភេទ Cocaine ចំនួនប្រហែល ១គីឡូក្រាមចូលក្នុងពោះ ឆ្លងកាត់ ខេត្តសៀមរាប ឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេសុី ជាកន្លែងប្រគល់ និងទទួលយកថ្នាំញៀននេះ៕

https://youtu.be/sRO6en6-IAI

មតិយោបល់