ព័ត៌មានជាតិ

បុករះ! ខ្ទេចរថយន្តជាច្រើនគ្រឿង និងកន្លែងលក់ដូរ នៅមុខ អគារ អតីតសណ្ឋាគារសុខាល័យ!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្ត២គ្រឿងបុករះជាមួយរថយន្ត១គ្រឿងទៀត និងកន្លែងលក់សម្ភារ:លក់ដូររងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៤ និង២០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចខាងមុខ អគារ អតីតសណ្ឋាគារសុខាល័យ ទល់មុខអគារBS នៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម កែងនិង មហាវិថី ព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តតូរីសមួយគ្រឿង ធ្វើដំណើរតាម មហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងក្នុងយ៉ាងលឿន ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រក្នុងល្បឿនយ៉ាងលឿនដូចគ្នា ធ្វើដំណើរតាមបណ្ដោយកម្ពុជាក្រោម ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹង រថយន្តហាយឡែនឌ័រជ្រុលទៅបុកទ្រូងផ្លូវ។ ចំណែករថយន្តតូរីសជ្រុលទៅបុករះម៉ូតូ៣គ្រឿង និងកន្លែងលក់ដូរ និងអ្នកលក់ប្រហិត(របួសបាក់ជើង) និងបន្តទៅបុករថយន្ត ព្រុសដែលចតក្នុងអគារ អតីតសណ្ឋាគារសុខាល័យតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទាំងអស់មករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕

មតិយោបល់