ភ្នំពេញៈ នារីម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលចតឈប់ម៉ូតូចំលើកន្លែងការដ្ឋានផ្លូវ ត្រូវបានរ៉ូឡូកិនថ្នល់បើកថយក្រោយ មិនបានមើលជ្រុលទៅកិន បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅនិងកន្លែង ថែមទាំងខ្ទេចទាំងម៉ូតូអស់មួយកំណាត់មុខ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលពីកាលពីវេលាម៉ោង១១ និង៤៦នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមផ្លូវកំពុងសាងសង់ចូលបុរីពិភពថ្មី ក្នុងភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពនារីរងគ្រោះមានឈ្មោះ ថន ស្រីស្រស់ អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ក្បែរនិងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកិនរួចនារីរងគ្រោះបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងកិនម៉ូតូ មួយគ្រឿងម៉ាក Zoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-7750។ ចំណែកអ្នកបើកបរ គ្រឿងចក្រ រ៉ូឡូ មោះមានឈ្មោះ ជៀក វីរៈ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងបុរីពិភពថ្មី ភូមិឈូកវា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើតភូមិព្រៃនាង ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះជិះម៉ូតូឆ្លងកាត់ផ្លូវកំពុង សាងសង់ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ត្រូវបានរ៉ូឡូកំពុងធ្វើផ្លូវ ដែលគេឃើញធ្វើកិនផ្លូវតាំងពីព្រឹកមកម្ល៉េះ បើកថយក្រោយ ដោយមិនបានមើល ស្រាប់តែជ្រុលមកកិន នារីរងគ្រោះនិងម៉ូតូតែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗ សំប៉ែតក្បាលដូចចេកចៀនយ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះទៅអន្តរាគមន៍ ពិនិត្យស្លាកស្នាមរួច ប្រគល់សាកសពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកគ្រឿងច្រក រ៉ូឡូនិងម៉ូតូរួមទាំងអ្នកបើកបរផង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
https://youtu.be/zU5Z7KQiCdc
មតិយោបល់