មនុស្សដែលឈានដល់វ័យ ៣០ឆ្នាំត្រូវបានគេចាត់ទុកជាមនុស្សដែលមានគំនិតចាស់ទុំ និងមានបទពិសោធន៍ច្រើននៅក្នុងជីវិតរស់នៅ។ ក៏ប៉ុន្តែឈានដល់វ័យនេះ រាងកាយក៏ចាប់ផ្តើមមានការចុះខ្សោយផងដែរ ជាពិសេសចំពោះស្ត្រី។ ភាពចុះទន់ខ្សោយនៃរាងកាយ រួមទាំងឆ្អឹង សន្លាក់ អ័រម៉ូន… នឹងវិវឌ្ឍទៅជាអាក្រក់ទៅៗគ្មានវិធីបញ្ឈប់បានឡើយ ប៉ុន្តែអ្នកអាចកាត់បន្ថយបាន។ ខាងក្រោមនេះ គឺជាហានិភ័យ៤ចំណុច ដែលស្ត្រីឈានដល់វ័យ៣០ឆ្នាំភាគច្រើនជៀសមិនផុតឡើយ៖
១.ធាត់លឿន ហើយពិបាកសម្រកទម្ងន់
នៅពេលឈានដល់វ័យ៣០ឆ្នាំ ប្រព័ន្ធរំលាយអាហារចាប់ផ្តើមដំណើរការយឺតជាងធម្មតា ដែលធ្វើឲ្យស្ត្រីត្រូវប្រឈមនឹងការឡើងទម្ងន់លឿនបំផុត។ ដូច្នេះ នៅពេលចូលដល់វ័យ៣០ឆ្នាំ អ្នកត្រូវរក្សារបបអាហារ ហាត់ប្រាណដូចជា រត់យឺតៗ ជិះកង់… ដើម្បីជំរុញដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការបានល្អ។ លើសពីនេះទៅទៀតអ្នកត្រូវព្យាយាមញ៉ាំបន្លែ និងកាត់បន្ថយអាហារដែលសម្បូរជាតិខ្លាញ់។
២.ហានិភ័យនៃជំងឺមហារីកស្បែកកើនឡើង
កាំរស្មីនៃពន្លឺព្រះអាទិត្យចាប់ផ្តើមមានប្រសិទ្ធភាពនៅពេលអ្នកមានអាយ ៣០ឆ្នាំ។ ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលាទេ មហារីកនឹងរីករាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ ដែលអាចបណ្តោលឲ្យស្លាប់បាន។
បើយោងតាមអ្នកឯកទេសផ្នែកជំងឺសើស្បែកបានបង្ហាញថា អ្នកគួរតែប្រុងប្រយ័ត្នចំពោះពន្លឺព្រះអាទិត្យ ជាពិសេសក្នុងរយៈពេលម៉ោង១០ព្រឹក ទៅម៉ោង៤ល្ងាច ព្រោះវាជាពេលដែលអាំងតង់ស៊ីតេព្រះអាទិត្យជះពន្លឺខ្ពស់បំផុត។
៣.ជ្រុះសក់
ជាមធ្យមស្ត្រីអាចជ្រុះសក់ចាប់ពី ៥០ទៅ ១០០សរសៃក្នុងមួយថ្ងៃ ប៉ុន្តែឈានដល់វ័យ៣០ឆ្នាំអាចជ្រុះច្រើនជាងនេះ។ ដោយសារតែភាពតានតឹងក្នុងជីវិតចាប់ផ្តើមកើនឡើងនៅវ័យ៣០ឆ្នាំ ដែលធ្វើឲ្យមនុស្សមួយចំនួនធំមានការគិតច្រើន។ ទោះជាយ៉ាងណា ការជ្រុះសក់ក៏អាចបណ្តាលមកពីខ្វះសារធាតុចិញ្ចឹមនៅក្នុងរាងកាយផងដែរ។
យោងតាមលោកវេជ្ជបណ្ឌិត Heather Wickless បានឲ្យដឹងថា ស្ត្រីដែលទទួលរងនូវការបាត់បង់សក់ច្រើនហួសប្រមាណ មកពីកង្វះជាតិដែក។ ជាពិសេសឈានដល់វ័យ៣០ឆ្នាំ ជាតិដែកក្នុងខ្លួនចាប់ផ្តើមមានការធ្លាក់ចុះ។
ហេតុនេះអ្នកគួរទទួលទានជាតិដែកក្នុងមួយថ្ងៃ ១៨មីលីក្រាមសម្រាប់ស្ត្រី ហើយបុរស ១០មីលីក្រាម។ លើសពីនេះទៅទៀត កង្វះវីទាមីន D ក៏អាចបណ្តោលឲ្យបាត់បង់សក់ផងដែរ។
៤.បញ្ហាផ្លូវដង្ហើម
បើយោងតាមមជ្ឈមណ្ឌល់គ្រប់គ្រង និងបង្ការជំងឺ ហៅកាត់ថា (CDC) នៅសហរដ្ឋអាមេរិក បានបង្ហាញថា យ៉ាងតិចបំផុតមានស្ត្រី ១៨ភាគរយបានជក់បារីជាទៀងទាត់ ហើយផលប៉ះពាល់ នឹងត្រូវបង្ហាញនៅពេលស្ត្រីមានអាយុ ៣០ឆ្នាំ។ ផលប៉ះពាល់ដែលស្ត្រីត្រូវប្រឈមមានដូចជា ជំងឺស្ទះសួតរ៉ាំរ៉ៃ ជំងឺបេះដូង រលាកទងសួត ជំងឺហឺត ជំងឺរលាកសួត… ជាដើម។
នៅក្នុងការសិក្សាមួយពីមជ្ឈមណ្ឌល់ CDC ក៏បានរកឃើញផងដែរថា ប្រសិនបើអ្នកឈប់ជក់បារីមុនអាយុ ៣០ឆ្នាំ ហានិភ័យអាចកាត់បន្ថយរហូតដល់ទៅ ៩៧ភាគរយ៕
ប្រភព៖ soha
មតិយោបល់