កំពង់ឆ្នាំងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងគួរឲ្យរន្ធត់រវាងរថយន្តតូយ៉ូតាព្រុសបានបុករថយន្តកុងតឺន័រ ពេញមួយទំហឹងបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យអ្នកបើកបររថយន្តព្រុស គាបជាប់ស្លាប់ នៅក្នុងរថយន្ត កាលពីវេលាម៉ោង ៩និង៣០យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរូង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចចរាចរណ៍ស្រុកកំពង់ត្រឡាច បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយតូយូតាព្រុស មួយគ្រឿ ពាក់ស្លាកលេខភ្នំពេញ ២AI-៨៣៤៦ ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន នៅពេលមដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវកោង ក៏បានរេចង្កូតទៅបុករថយន្តកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ៣D-១៤២៦ ដែលកំពុងធ្វើដំណើរច្រាសទិសគ្នា បុកពេញមួយទំហឹង ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅតែម្តង បណ្តាលឲ្យអ្នកបើកបររថយន្តតូយូតាព្រុស គាបជាប់នៅក្នុងរថយន្តឆេះស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកមកពន្លត់ រហូតដល់ម៉ោងជាង១០យប់ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
នគរបាល ចរាចរណ៍ បានបន្ដទៀតថា សពដែលស្លាប់នៅក្នុងរថយន្តព្រុស សមត្ថកិច្ចពុំស្គាល់អត្តសញ្ញាណនោះទេ ព្រោះសាកសពឆេះស្ទើរអស់ទៅហើយ។ ដូចនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាត់សមាជិកគ្រួសារឲ្យមករកនៅស្រុកកំពង់ត្រឡាច៕
មតិយោបល់