ព័ត៌មានអន្តរជាតិ

រដ្ឋហាវ៉ៃ ត្រៀមដាក់ឲ្យមានសញ្ញាប្រកាសអាសន្ន ជុំវិញការគំរាមគំហែងវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ ចំពេលមានភាពតានតឹង ជាមួយកូរ៉េខាងជើង

អាមេរិកៈ រដ្ឋហាវ៉ៃរបស់អាមេរិក កំពុងត្រៀមដាក់ឲ្យមានសញ្ញាប្រកាសអាសន្ន ស្ដីពីការគំរាមគំហែងវាយប្រហារថ្មីមួយ ដោយអាវុធនុយក្លេអ៊ែរ ដែលអាចបង្កពីសំណាក់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

អភិបាលគ្រប់គ្រងគ្រោះអាសន្ននៅរដ្ឋហាវ៉ៃ លោក Vern Miyagi បានប្រកាសកាលពីថ្ងៃពុធថា «ការដាក់ឲ្យមានប្រព័ន្ធនេះ នឹងចាប់ផ្តើមថ្ងៃទី១ ខែធ្នូខាងមុខ ដែលវាជាឧបករណ៍ទី២ សម្រាប់ជូនដំណឹងពីភាពអាសន្ន ក្នុងករណីមានការវាយប្រហារណាមួយកើតទ្បើង។ ប្រព័ន្ធសញ្ញាព្រមាននេះ នឹងជួយមនុស្សគ្រប់គ្នា ទទួលបាននូវជម្រកបន្ទាន់ ទាំងការស្នាក់នៅ និងការផ្លាស់ទី។

សូមជំរាបថា ការដាក់ប្រព័ន្ធនេះជាលើកដំបូង គឺបានដំឡើងនៅទូទាំងរដ្ឋ ដើម្បីអាចប្រកាសអាសន្នដល់សាធារណៈជនឲ្យបានដឹង ពីគ្រោះធម្មជាតិដ៏មានសក្តានុពលដូចជា ការផ្ទុះភ្នំភ្លើង និងរលកស៊ូណាមិ ប៉ុន្តែបន្ទាប់ពីមានការកើនឡើងនៃភាពតានតឹង នៅលើឧបទ្វីបកូរ៉េនាពេលថ្មីៗនេះ រដ្ឋហាវ៉ៃបានប្រកាសវិធានការបន្ថែមទៀត ក្នុងជូនដំណឹងជាសាធារណៈ ជុំវិញការគំរាមកំហែងនុយក្លេអ៊ែរ ដែលអាចកើតមានទ្បើង៕

មតិយោបល់