ព័ត៌មានជាតិ

ទីបំផុតសមត្ថកិច្ចខណ្ឌចំការមន សម្រេចឃាត់ទុករថយន្តម៉ាកព្រុស១គ្រឿង ក្នុងចំណោម២គ្រឿងពាក់ស្លាកលេខតែមួយ

ភ្នំពេញៈ ទីបំផុតនៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧នេះ កម្លាំងមានសមត្ថកិច្ចនគរបាលខណ្ឌចំការមន បានសម្រេចឃាត់ទុករថយន្តម៉ាកព្រុសមួយគ្រឿង ក្នុងចំណោមរថយន្តចំនួន ២គ្រឿងដែលពាក់ស្លាកលេខតែមួយ ហើយត្រូវបានភាគីម្ខាងបានប្រទះឃើញនិងប្តឹងកម្លាំងមានសមត្ថកិច្ចអោយធ្វើការឃាត់ទុកដើម្បីធ្វើការស្រាវជ្រាវថា តើរថយន្តមួយណាមានឯកសារត្រឹមត្រូវនោះ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា ក្នុងថ្ងៃនេះដែរកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានសម្រេចធ្វើការឃាត់ទុករថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2U-3108 មួយគ្រឿង ដែលមានម្ចាស់ឈ្មោះ លី តុលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកភ្លេង មានទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ការឃាត់ទុករថយន្តរបស់បុរសម្នាក់ខាងលើនេះដែរ បានធ្វើឡើងក្រោយពីរសៀលថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម្សិលមិញនេះ រូបគាត់បានធ្វើដំណើរតាមដងផ្លូវ ក៏បានប្រទះឃើញរថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U-3108 មួយគ្រឿងដែលគេចតទុកចោលនៅម្តុំខាងកើតវត្តមហាមន្ត្រី ដូចទៅនឹងរថយន្តរបស់គាត់ដែរ ហើយក៏បានប្តឹងកម្លាំងសមត្ថកិច្ចអោយធ្វើការឃាត់ទុកដើម្បីសួរនាំអោយដឹងពីមូលហេតុ។

រហូតមកដល់ថ្ងៃនេះដែរ កម្លាំងសមត្ថកិច្ចក៏បានតម្រូវអោយភាគីរថយន្តទាំង២គ្រឿងនាំគ្នាយកឯកសារដែលពាក់ព័ន្ធមកបង្ហាញកម្លាំងសមត្ថកិច្ចដើម្បីបញ្ជាក់ថា «តើរថយន្តមួយណាមានឯកសារត្រឹមត្រូវ និងមួយណាមិនត្រឹមត្រូវ?» លុះធ្វើការផ្ទៀងផ្ទាត់ទៅបានឃើញថា រថយន្តមួយគ្រឿងដែលរូបគាត់បានប្តឹងនោះ ជារថយន្តដែលត្រឹមត្រូវនិងធ្វើការដោះលែងទៅវិញផងដែរ។ចំណែកឯរថយន្តរបស់បុរសជាដើមបណ្តឹងមានឯកសារត្រឹមត្រូវដូចគ្នា តែខុសលេខម៉ាស៊ីន មិនប្រក្រតី ក៏ធ្វើការឃាត់ទុកជាបណ្តោះអាសន្ន និងរង់ចាំហៅម្ចាស់អ្នកលក់មកធ្វើការសាកសួរជាបន្តទៅទៀតផងដែរ៕

មតិយោបល់