មណ្ឌលគិរីៈ លោកវរសេនីយ៍ទោ កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានប្រាប់ Post News ថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហិង្សាមួយ បានកើតឡើង ក្នុងរង្វង់គ្រួសារ បង្កឲ្យមានអ្នករបួសធ្ងន់ ស្ថិតនៅក្នុងភូមិឡៅកា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជនរងគ្រោះឈ្មោះ រៀម សម្បត្តិ ភេទប្រុស អាយុ៥២ឆ្នាំ ត្រូវជាប្តី រងរបួសធ្ងន់ មានប្រពន្ធ ឈ្មោះ កូយ ទាន់ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិព្នង និងជនដៃដល់ ឈ្មោះ ផ្សោត សាវិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិព្នង ត្រូវជាកូនចុង របស់ជនរងគ្រោះ។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ២នាក់ប្តីប្រពន្ធ បានផឹកស្រាស្រវឹងជោកជាំ បណ្តលឲ្យមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយប្តីបានវាយប្រពន្ធឲ្យសន្លប់ នៅនឹងកន្លែងកើតហេតុ លុះជនដៃដល់ ត្រូវជាកូនជនរងគ្រោះ បានឃើញដូចច្នេះក៏ខឹង រួចទាញកំបិតមកកាប់ឪពុក បង្កឲ្យរបួសធ្ងន់ ទើបបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ។
លោកអធិការនគរបាលក្រុងសែនមនោរម្យ បានបញ្ជាក់ពីមូលហេតុ ដោយសារផឹកស្រាស្រវឹង។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនរងគ្រោះ មកអធិការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការដោះស្រាយបន្ត តាមនិតិវិធីច្បាប់៕
មតិយោបល់