ត្បូងឃ្មុំៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានបុរសម្នាក់បើករម៉កម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកអូសចូលក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៥៥នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ១៥២-១៥៣ ស្ថិតនៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខដីឡូត៍ ក្នុងភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉យ យាត អាយុ១៩ឆ្នាំ ស្នាក់នៅភូមិកំពង់ស្តីលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកស៊ីរូស មានសណ្តោងរម៉ក ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ចំណែករថយន្តខាងលើម៉ាក ASIA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A-9388 អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំង២គ្រឿង បើកបរក្នុងទិសដៅស្របគ្នា ពីលិចទៅកើត។ លុះមកដល់ចំណុចកន្លែងកើតហេតុ អ្នកបើករម៉កម៉ូតូបានបត់ឆ្លងផ្លូវ តែមិនប្រយ័ត្នក៏ត្រូវរថយន្តបុកនិងកិនពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញស្រុកត្បូងឃ្មុំចុះវាស់វែង នាំយកមធ្យោយបាយទាំង២គ្រឿងយកមករក្សាទុក និងកសាងសំណុំរឿងចាត់ការតាមច្បាប់។ ចំណែកសាកសពបាន ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់