ក្រុមបាល់ទាត់ជំ្រើសជាតិកម្ពុជា ទទួលបរាជ័យក្រោមថ្វីជើង ជម្រើសជាតិមីយ៉ាន់ម៉ា ដោយលទ្ធផល ១ទល់២ ក្នុងជំនួបមិត្តភាពអន្តរជាតិ នាពហុកីឡដ្ឋានជាតិ ដែលជាទឹកដីរបស់ខ្លួន។
ក្រុមភ្ញៀវបាននាំមុខមុនត្រឹមរយៈពេល ១៥ នាទី ដែលធ្វើបានសម្រេចដោយកីឡាករ Zaw Min Tun ។ ឈានចូលមកដល់ដើមវគ្គទី២ ពោលនៅនាទី ៥០ ក្រុមម្ចាស់ផ្ទះតាមបានស្មើមកវិញដោយកីឡាករ ប្រាក់ មន្នីឧត្តម ប៉ុន្តែការសប្បាយចិត្តរបស់អ្នកគាំទ្រប្រមាណ ៣មុឺននាក់ជាង ទៅកីឡដ្ឋានបានបាត់បង់ទៅវិញ បន្ទាប់ពីកីឡាករ Kyaw Ko Ko របស់មីយ៉ាន់ម៉ា រកបាននាំមុខជាបន្តទៀត នៅនាទី ៧១ មួយគ្រាប់បាល់នេះរក្សារហូតចប់ការប្រកួត។ ដូច្នេះហើយក្រុមគោព្រៃ បានទទួលបរាជ័យក្នុងដីក្រោមស្នាដៃក្រុមភ្ញៀវ ២ទល់១។
ជំនួបមិត្តភាពនេះធ្វើឡើងសម្រាប់ត្រៀម ប្រកួតនៅថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៧ខាងមុខ ដោយ គោព្រៃកម្ពុជា នឹងត្រូវទទួល ហ្សកដានី នាវេលាម៉ោង ៦:៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ខណ:ដែល មីយ៉ាន់ម៉ា ត្រូវប្រកួតជាមួយ ឥណ្ឌា ថ្ងៃដដែល ក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ AFC Asian Cup UAE 2019 ដូចគ្នា៕
មតិយោបល់