ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់ ត្រូវបានម្តាយកូនស្រីប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីលួងលោមកូនស្រីមិនទាន់គ្រប់អាយុយកទៅដេកក្នុងផ្ទះសំណាក់ ដួងច័ន្ទ ក្នុងខណ្ឌចំការមនបានសម្រេច២ដង ។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចសាលាវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយម្តាយក្មេងស្រីរងគ្រោះឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចខណ្ឌចំការមន ដើម្បីចាត់ការ ក្រោយពីគាត់បានបាត់កូនស្រីមិននៅផ្ទះក៏ដើរតាមរកឃើញពួកគេ ហើយសួរនាំទើបបែកធ្លាយធ្លាប់រួមភេទ២លើមកហើយ ។
មន្ត្រីនគរបាលខណ្ឌចំការមនបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សឿន សុវណ្ណដេត អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ៧៨A ផ្លូវលេខ៥០៨ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំណែកឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ជាសិស្ស ស្នាក់នៅខណ្ឌចំការមន។
មន្ត្រីដដែលបន្តថា មុនកើតហេតុកាលពីថ្ងៃទី១១ មករាកន្លងមកនេះ ស្ត្រីជាម្តាយបានបាត់កូនស្រីរបស់គាត់មិនឃើញនៅផ្ទះរូបគាត់ក៏ដើររក ស្រាប់តែឃើញនាងកំពុងតែនៅជាមួយនឹងបុរសម្នាក់។ ពេលដែលស្ត្រីជាម្តាយរកឃើញកូនស្រីក្នុងស្ថានភាពបែបនេះ គាត់ក៏សួរនាំទើបកូនស្រីរបស់គាត់និយាយរៀបរាប់ថា «កាលពីយប់ថ្ងៃទី៣ មករា រូបនាងនិងបុរសជាសង្សារនាំគ្នាដើរលេងផឹកស៊ី និងនាំគ្នាចូលដេកផ្ទះសំណាក់ដួងច័ន្ទ រួមភេទសម្រេច១លើក»។ លុះដល់ស្អែកឡើងក្នុងថ្ងៃទី៤ មករា ពួកគេក៏ទៅដើរលេង និងចូលដេកក្នុងផ្ទះសំណាក់ដដែលបាន១លើកបន្ថែមទៀត»។
ក្រោយពីឭសំដីកូនស្រីរបស់ខ្លួននិយាយបែបនេះ ស្ត្រីជាម្តាយក៏ប្តឹងទៅកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ឱ្យឃាត់ខ្លួនយុវជនជាសង្សារកូនស្រីគាត់តែម្តង។ ក្រោយពីឃាត់ខ្លួន យុវជនសង្ស័យសារភាពប្រាប់ថា «រូបគេពិតជាបានរួមរ័កជាមួយនឹងនាងបានសម្រេចចំនួន២លើកពិតប្រាកដមែន ដោយពួកគេរៀនសាលាជាមួយគ្នា និងស្រឡាញ់គ្នាជាងកន្លះឆ្នាំមកហើយផងដែរ»។
បច្ចុប្បន្ន យុវជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
មតិយោបល់