ព័ត៌មានជាតិ

ព្រលឹមមិនទាន់! ឆក់ទូរសព្ទនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានហើយ ជិះគេចខ្លួនមិនរួចចុងខ្នោះដដែល

ភ្នំពេញៈ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ក្រោយពីពួកគេទាំង ២នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទដៃបានសម្រេច ហើយព្យាយាមគេចខ្លួនតែគេចមិនរួច ក៏ត្រូវសមត្ថកិច្ចតាមរហូតឃាត់បានទាំង២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង២០នាទីព្រឹក ថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលស្ថិតតាមបណ្តោយផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ២នាក់ខាងលើ ទី១ឈ្មោះ ស៊ឹម សីហា ហៅសីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២ឈ្មោះ ឡាច ឋានៈ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិខ្សាច់ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកឯនារីជាជនរងគ្រោះឈ្មោះ ទា ហ៊ុយភា ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្នាក់នៅផ្ទះលេខ១៤៦ផ្លូវលេខ២៤៧ ក្រុមទី៣៩ ភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រីឯទូរសព្ទដែលជនសង្ស័យឆក់នោះម៉ាកHuawei GR25017ពណ៌ខ្មៅ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BA 7032ចេញពីផ្ទះបំណងទៅសាលា សាកលវិទ្យាល័យភូមិន្ទភ្នំពេញដាក់ទូរសព្ទនៅក្នុងហោប៉ៅអាវរងាខាងឆ្វេង និងមានកាសស្តាប់ត្រចៀកទាំងសងខាង តាមបណ្តោយផ្លូវ២៦១ ទិសដៅពីត្បូវទៅជើងលុះមកដល់មុខផ្ទះលេខ២៤ផ្លូវ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា វ៉េវ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង1E-3930 បើកដោយឈ្មោះឡាច ឋានៈ និងឈ្មោះ ស៊ឹម សីហា ជាអ្នកជិះពីក្រោយបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីក្នុងហោប៉ៅអាវជនរងគ្រោះ ហើយភ្លាមៗនោះជនរងគ្រោះបានជិះដេញតាមពីក្រោយហើយស្រែកថាចោរៗ ពេលនោះកម្លាំងសមត្ថកិច្ចល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋានបានអន្តរាគមន៍ឃាត់ខ្លួនបាន២នាក់ជាក់ស្តែង ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការតាមច្បាប់។

សមត្ថកិច្ចបានធ្វើការប្រគល់សម្ភារៈដែលជារបស់ជនរងគ្រោះដកហូតបានពីជនសង្ស័យទាំង ២នាក់នោះ ទៅអោយជនរងគ្រោះវិញតាមការស្នើសុំ។

ជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

https://youtu.be/cpF5-5ITgeE

មតិយោបល់