ព័ត៌មានកីឡា

Messi ជួយតម្រង់ផ្លូវ Mascherano

ខ្សែប្រយុទ្ធកំពូលលំដាប់ពិភពលោក Lionel Messi បានណែនាំឲ្យមិត្តរួមក្រុម ទាំងជម្រើសជាតិអាហ្សង់ទីន និង​ក្រុម Barcelona គឺកីឡាករ Javier Mascherano ឲ្យត្រឡប់ទៅកាន់ទ្រនុំចាស់វិញ។

នេះគឺជារឿងមិនគួរឲ្យជឿឡើយ ដែលក្នុងនាមជាមិត្តរួមក្រុមនឹងគ្នា មិនជួយឃាត់កុំឲ្យចាកចេញ បែរជាស្វែងរកទ្រនុំថ្មីឲ្យទៅ​វិញ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា ខ្សែប្រយុទ្ធដ៍មានសក្តានុពល ក្នុងពិភពបាល់ទាត់ Lionel Messi បានជម្រុញឲ្យកីឡាករ Javier Mascherano ត្រឡប់ទៅចូលរួមជាមួយក្លិបចាស់របស់គេ ហង្សក្រហម Liverpool វិញ។ ការបន្តលេងនៅ Barcelona ប្រហែលជាមិនល្អទៀតឡើយ សម្រាប់ Mascherano ព្រោះថា នៅ Barcelona ពេលនេះ មានកីឡាករល្អៗច្រើន និងក្មេងៗដែលពោរពេញដោយបទពិសោធន៍ អាចជំនួសរូបគេបាន។

ម្យ៉ាងវិញទៀត កុងត្រារបស់​ Mascherano ក៍ជិតបញ្ចប់ដែរ ដែលការវិលទៅកាន់​ទឹកដី Anfield របស់ក្រុមហង្សក្រហម Liverpool ប្រាកដជា​ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាក់ជាមិនខាន។ ក្នុងនោះដែរ Messi បានប្រាប់ទៅកាន់ Mascherano ថា នៅ Liverpool កំពុងត្រូវការកីឡាករដែលអាចលេងបានទាំងបម្រើ និងការពារបែបនេះ ហើយសម្រាប់វត្តមានរបស់ Mascherano Liverpool ពិតជាចង់បានខ្លាំងណាស់ ដែលការវិលត្រឡប់ទៅវិញ គឺជារឿងដ៍ត្រឹមត្រូវបំផុត។

គួរបញ្ជាក់ផងដែរថា Javier Mascherano បានចាកចេញពីក្រុមហង្សក្រហម Liverpool កាលពីឆ្នាំ ២០១០ មកកាន់ក្រុម Barcelona ខណ:ការរំពឹងទុករបស់​Lionel Messi ក្នុងការឲ្យកីឡាកររូបនេះ ត្រឡប់ទៅកាន់ Liverpool នោះ ពុំទាន់ដឹងនៅឡើយទេ ដោយរង់ចាំ Mascherano អស់សុពលភាពកុងត្រា ជាមួយ Barcelona សិន។

មតិយោបល់